(ឥណ្ឌា)៖ មនុស្សយ៉ាងហោចណាស់៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យមួយរបស់​ក្រុមសកម្មយុទ្ធ​លើក្បួនរថយន្ដដឹកកងកម្លាំងសន្តិសុខឥណ្ឌានៅឯតំបន់កាស្មៀ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌា រថយន្ដមួយគ្រឿងផ្ទុកដោយគ្រឿងផ្ទុះបានបើកបំបុករថយន្ដក្រុងមួយគ្រឿងដឹកកងកម្លាំងសន្តិសុខឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង Srinagar។ ចំណែកឯ ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad មានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន ក៏បានចេញមុខអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយ​ប្រហារដ៏ប្រល័យបំផុត លើកងកម្លាំងសន្តិសុខឥណ្ឌានៅឯតំបន់កាស្មៀ​ចាប់តាំងពីឆ្នាំ១៩៨៩មក។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើបានកើតឡើងនៅលើផ្លូវហាយវ៉េ Srinagar-Jammu ដែលសិ្ថតនៅចំងាយ ២០គីឡូម៉ែត្រពីទីក្រុង Srinagar នៃតំបន់កាស្មៀ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕