(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានព្រមានថានឹងធ្វើឱ្យប៉ាគីស្ថានឯកោពីសហគមន៍អន្តរជាតិ បន្ទាប់ពីកងកម្លាំង​សន្តិសុខឥណ្ឌា៤៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯតំបន់កាស្មៀរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ការព្រមានធ្ងន់ៗខាងលើ ធ្វើឡើងដោយរដ្ឋមន្ត្រីសហព័ន្ធឥណ្ឌា លោក Arun Jaitley ដែលបានអះអាងថាទីក្រុងញូដេលីនឹងចាត់​វិធានការការទូតតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់ផ្ដាច់ប៉ាគីស្ថានពីសហគមន៍អន្តរជាតិ។ សង្រ្គាមការទូតរវាង​ប្រទេសទាំង២កំពុងចាប់ផ្ទុះឡើងជាថ្មី ក្រោយឥណ្ឌាចោទប្រកាន់ត្រង់ៗថារដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាត បានបរាជ័យក្នុងការធ្វើ សកម្មភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅពីក្រោយការវាយ​ប្រហារដ៏ប្រល័យកាលពីថ្ងៃព្រហស្បតិ៍។ ក៏ប៉ុន្តែ នេះមិនមែនជាលើក ទី១​ឡើយដែលឥណ្ឌាព្រមានបែបនេះ ហើយការចង់ធ្វើឱ្យប៉ាគីស្ថានឯកោ ក៏ធ្លាប់បានបរាជ័យជាច្រើនដងផងដែរដោយសារតែ​មានការជំទាស់ពីចិន។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតលើក្បួនរថយន្ដដឹកកងកម្លាំងសន្តិសុខឥណ្ឌា បានកើតឡើងនៅលើផ្លូវហាយវ៉េ Srinagar-Jammu សិ្ថតនៅចំងាយ ២០គីឡូម៉ែត្រពីទីក្រុង Srinagar នៃតំបន់កាស្មៀរកាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្ដាលឱ្យ​មនុស្ស៤៦នាក់ស្លាប់ រីឯក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad មានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានចោទប្រកាន់ ថាជាអ្នកនៅពីក្រោយខ្នងការវាយប្រហារដ៏អាក្រក់នេះ៕