(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនអនុវត្តផែនការឈរជើង​ជាអចិន្ត្រៃយ៍នៅឯតំបន់ព្រំដែនជាប់ប្រទេសកូឡុំប៊ី ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានដោយយោធាដែលលោកចោទថា​​ សហរដ្ឋអាមេរិកជាមេគំនិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅឯពិធីបញ្ចប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់​ដូច្នេះថា៖ «ការពង្រឹងសន្តិសុខនៅឯតំបន់ព្រំដែនជាមួយកូឡុំប៊ី គឺជារឿងចាំបាច់សំដៅការពារសុវត្ថិភាព និងសន្តិភាព...ហើយដើម្បី ធ្វើរឿងនេះបាន កងទ័ពទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ក្នុងការអនុវត្តផែនការដាក់ពង្រាយកម្លាំងនៅឯតំបន់ព្រំដែន»។ លោក​បន្ថែមថាប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque មានផែនការឈ្លានពានប្រឆាំងវេណេស៊ុយអេឡាក្រោមការគំាទ្រពី​សហរដ្ឋអាមេរិក។

គួរជម្រាបថា បើតាមលោក ម៉ាឌូរ៉ូ ការដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែនជាប់កូឡុំប៊ី នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ស្របពេលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាទីក្រុងវ៉ាស៊ីនតោន មានគម្រោងបញ្ជូនកងទ័ព៥,០០០នាក់ ទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរដ្ឋាភិបាលទីក្រុងការ៉ាកាស់៕