(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិ​អាមេរិកបញ្ចកោណ បានបញ្ចេញនូវយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកដ៏មានអានុភាព​បំផុតជាច្រើន នៅក្នុងសមយុទ្ធដ៏ធំ​ស្ថិតក្នុង​គោលដៅ​បង្កើតសមត្ថភាព​កម្ចាត់សត្រូវ ខណៈអ្នកតាមដានមួយ​ចំនួនមើលឃើញថា វាហាក់​ជាការ​ត្រៀមធ្វើសង្គ្រាម​នៅថ្ងៃ​ណាមួយ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

កាលពីពេល​ថ្មីៗនេះ ក្នុងសមយុទ្ធយោធាអាមេរិក​នៅលើតំបន់មហាសមុទ្រ​ប៉ាស៊ីហ្វិក គេឃើញ​មានការបញ្ចេញ​យន្តហោះចម្បាំងដ៏មានអានុភាព​ប្រភេទ F-22 ជាច្រើន​គ្រឿង អមដោយ​យន្តហោះ​ចម្បាំង-បំបាំង​កាយ F-35 ហើយអ្វីដែល​គួរឲ្យភ្ញាក់ផ្អើលនោះ គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 Spirit ដែលអាមេរិកបាន​ផលិតនៅពេលជិតបញ្ចប់​សង្គ្រាមត្រជាក់។ នេះបើតាម​​សារព័ត៌មាន Business Insider ចេញផ្សាយ​​កាលពី​ថ្ងៃសុក្រ។

អ្វីបន្ថែមពីនេះ សមយុទ្ធទាំងមូល​គឺមានការផ្តល់ជំនួយពី​បណ្តាញទាក់ទង​ផ្លូវសមុទ្រ និងអាកាស ដែលអាចឲ្យ​នាវាចម្បាំង និងនាវាដឹកយន្តហោះ​ចម្បាំង​ធ្វើទំនាក់ទំនង​គ្នា​យ៉ាងឆាប់រហ័ស ដើម្បីផ្តល់ព័ត៌មានពី​ស្ថានភាពភូមិសាស្ត្រ និងចលនារបស់​សត្រូវផងដែរ។ ស្ថានការណ៍នៅ​ឧបទ្វីបកូរ៉េកំពុង​ស្ងប់ស្ងាត់ ដូច្នេះ​ការធ្វើសមយុទ្ធលើកនេះ​​ត្រូវបានអ្នកវិភាគ​មើលឃើញថា មានចេតនាសំដៅ​ទៅគម្រាមប្រទេសចិនដោយ​ចំពោះតែម្តង ខណៈ​ដែល​ចិន​នៅតែមានភាពតាន​តឹងជាមួយតៃវ៉ាន់ និងការបង្កើន​ឥទ្ធិពលនៅសមុទ្រ​ចិនខាងត្បូង​ជាដើម។

គួរបញ្ជាក់ថា ការបញ្ចេញយន្តហោះ F-35 F-22 ឬក៏យន្តហោះទម្លាក់គ្រាប់បែក B-2 Spirit នេះ​គឺជារឿង​ដែលថ្មី និងជាចេតនា​កំញើញ​ឥទ្ធិពលមួយ នៅក្នុងតំបន់​មហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលយន្តហោះ​ទាំងនេះសុទ្ធតែមាន​បំពាក់មីស៊ីល-គ្រាប់បែក​​នៅជាប់តួខ្លួនវា ក្នុងនោះ​យន្តហោះ B-2 Spirit ត្រូវបាន​គេដឹងថា មានសមត្ថភាព​ផ្ទុក និងទម្លាក់គ្រាប់បែក​​នុយក្លេអ៊ែរ ដែលមួយគ្រាប់​ប៉ុណ្ណោះ​មានកម្លាំង​ខ្លាំងជាង «ម៉ែគ្រាប់បែក - Mother of All Bombs» រហូត​ទៅដល់ ១.៥ដង​ឯណោះ។

ដូច្នេះអ្វីៗ​គឺច្បាស់លាស់ថា ព្រោះក្រោយ​ពីការចោទទីក្រុងប៉េកាំងរឿង​ដាក់ពង្រាយ​ប្រព័ន្ធការពារ​មីស៊ីល រ៉ាដា និងប្រព័ន្ធសព្វាវុធជាច្រើនទៀតនៅ​តាមកោះក្នុង​សមុទ្រចិន​ខាងត្បូង សហរដ្ឋអាមេរិក​​ក៏បានចាប់ផ្តើម​សមយុទ្ធ ដែលទើបត្រូវបាន​បញ្ចប់ទៅនេះតែម្តង ខណៈ​ដែល​អង់គ្លេស​នាពេលថ្មីៗនេះ ក៏បានប្រកាសបញ្ជូន​នាវាចម្បាំងរបស់ខ្លួន មកកាន់តំបន់​​សមុទ្រចិនខាងត្បូង​ផងដែរ ក្នុងន័យបង្ហាញ​ការគាំទ្រដល់​សហរដ្ឋអាមេរិក៕