(ការ៉ាកាស់)៖ ប្រធានាធិបតីកំពុងកាន់អំណាចនៅវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលការណែនាំ​ពីទីប្រឹក្សារបស់លោកឲ្យរុញច្រានវិបត្តិវេណេស៊ុយអេឡា ទៅរកផ្លូវទាល់ច្រកតែម្តង ដែលនេះមានន័យថា គឺជាបង្ខំឲ្យ​រដ្ឋាភិបាលទីក្រុង​ការ៉ាកាស់ គ្មានច្រកចេញពីវិបត្តិ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ចំពោះមុខអនាគត​ដ៏ស្រពិចស្រពិល លោក ម៉ាឌូរ៉ូ ដែលកំពុងរង​សម្ពាធកាន់តែខ្លាំងឡើងៗពី​សំណាក់​​សហរដ្ឋអាមេរិក​នោះ បានលើកឡើងយ៉ាងដូច្នេះថា «ផ្លូវដើរដោយ​​គ្មាន​ច្រកចេញ...។ គ្មានចន្លោះ​ណាមួយសម្រាប់​កិច្ចចរចា ការយោគយល់ និង​ការគោរព​គ្នានោះឡើយ នៅក្នុងកិច្ចដោះស្រាយវិបត្តិ...។ ខ្ញុំកំពុងរង់​ចាំ​​កិច្ចពិភាក្សា​​​ថ្នាក់ជាតិ ប៉ុន្តែទីក្រុង​វ៉ាស៊ីនតោន​​​​ប្រហែលជាមិន​​អនុញ្ញាត​ ឲ្យ​បក្សប្រឆាំង​​ចូ​លរួមជាមួយខ្ញុំនោះ​​ឡើយ ហើយនេះ​គឺ​ជាកំហុសធំ​មួយ...។ ទីប្រឹក្សា​នានារបស់​លោក ត្រាំ ចំពោះ​វិបត្តិវេណេស៊ុយអេឡា បានផ្តល់យោបល់ឲ្យលោក ត្រាំ សម្លាប់ស្ថានការណ៍​នៅ​វេណេស៊ុយអេឡា...»

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក ម៉ាឌូរ៉ូ ខាងលើនេះ​ក៏ចង់សំដៅផងដែរ​ទៅលើ​ទង្វើ​របស់​សហរដ្ឋអាមេរិក ដែលកំពុងបង្ខំឲ្យ​ទីក្រុងការ៉ាកាស់​ ទទួលយកជំនួយ​មនុស្សធម៌ តាមរយៈច្រកចូល​រវាងព្រំដែនកូឡុំប៊ី និង​វេណេស៊ុយអេឡា ខណៈដែល​​លោក​ផ្ទាល់បានចោទ​​ប្រកាន់ជាច្រើនសាមក​ហើយថា ជំនួយទាំង​នោះគឺជា​ឈ្នាន់​យ៉ាងពិតប្រាកដ ដែល​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​នៅអាមេរិកឡាទីន គ្រោងប្រើប្រាស់​ដើម្បី​ឈ្លានពាន​ប្រទេស​វេណេស៊ុយអេឡា៕