(ហារ៉ារ៉េ)៖ អណ្តូងរ៉េពីរកន្លែងក្បែរៗគ្នា​ត្រូវបានទឹក​ជន់លិច ខណៈអាជ្ញាធរហ្ស៊ីមបាវ៉េ​បានអះអាងថា កម្មករដែល​នៅក្នុងអណ្តូងទាំងនោះ​ជាង ៦០នាក់ ទំនងជា​មិនអាចនៅមាន​ជីវិតរស់​នោះឡើយ។ នេះបើតាមការអះអាងដោយមន្ត្រីខេត្ត ម៉ាហ្សូណាឡេនដ៍ (Mashonaland) ភាគខាងលិច​ប្រទេស​ហ្ស៊ីមបាវ៉េ ដែលស៊ីនហួរ​ដកស្រង់​នា​រសៀល​ថ្ងៃ​សៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមអាជ្ញាធរ​ក្នុងតំបន់ ចំនួនកម្មករដែលជាប់ក្នុង​អណ្តូងរ៉ែទឹកលិចនោះ គឺអាចមាន​ចន្លោះពី ៦០នាក់​ទៅដល់ ៧០នាក់ ហើយការគ្មានសង្ឃឹមថា ពួកគេអាច​នៅមានជីវិតរស់នោះ គឺដោយសារ​តែតំបន់ទាំងមូលត្រូវ​បានជន់លិច ភ្លៀងកំពុងបន្តធ្លាក់​យ៉ាងគំហុក និងការជួយ​សង្គ្រោះមាន​សភាព​លំបាកបំផុត ចាប់តាំងពី​យប់ថ្ងៃសុក្រ រហូតមក​ទល់នឹងព្រឹក​ថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះក្រុមសង្គ្រោះសង្ឃឹមថា នឹងអាចបូកទឹកចេញ​ពីអណ្តូងរ៉ែ ដើម្បីសង្គ្រោះជនរង​គ្រោះ​បើទោះបីជាក្តីសង្ឃឹមថា ​ពួកគេអាចនៅរស់​មានតិចក៏ដោយ។ បន្ថែមពីនេះ​ប្រធានាធិបតីហ្ស៊ីមបាវ៉េ​លោក អ៊ែមម៉ឺសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) បានប្រកាស​ពីមហន្តរាយខាងលើនេះ​កាលពីថ្ងៃសុក្រ និងបញ្ជាឲ្យ​ក្រុមសង្គ្រោះ​​ព្យាយាមឲ្យអស់ពី​សមត្ថភាពផងដែរ៕