(កាលីហ្វ័រញ៉ា)៖ រដ្ឋកាលីហ្វ័រញ៉ា​ស្ថិតនៅភាគខាង​លិចសហរដ្ឋអាមេរិក មានគម្រោង​ដាក់ពាក្យបណ្ដឹង ប្រឆាំង​រដ្ឋបាលប្រធានាធិបតី​លោក ដូណាល់ ត្រាំ ជុំវិញការ​ប្រកាសដាក់ប្រទេស​ក្នុងភាពអាសន្ន ដើម្បីសាងសង់​ជញ្ជាំងព្រំដែនភាគខាងត្បូង​ ជាមួយប្រទេស​ម៉ិចស៊ីកូ។ នេះបើតាម​អភិបាលរដ្ឋកាលី​ហ្វ័រញ៉ា ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍​មួយ ចេញផ្សាយនៅថ្ងៃសុក្រ​សប្ដាហ៍នេះ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសុម (Gavin Newsom) បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិងកំពុង​បង្កើតវិបត្តិមួយហើយការ​ប្រកាសដាក់ប្រទេសក្នុង​ភាពអាសន្ន គឺធ្វើ​ឡើងក្នុង​គោលបំណង​រឹបអូសអំណាច និងបំផ្លាញ​រដ្ឋធម្មនុញ្ញ។ ការប្រកាស​ភាពអាសន្ននេះ​គឺជារឿងអាម៉ាស់របស់ជាតិ និងជាការ ទទួលខុសត្រូវ​ទាំងស្រុងរបស់​លោកប្រធានាធិបតី... ដូច្នេះយើងនឹង​ជួបអ្នកនៅ​តុលាការ»

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានអះអាងថា នឹងប្រើប្រាស់​ការប្រកាសភាព​អាសន្ននេះ ​ដើម្បីសាងសង់​ជញ្ជាំងព្រំដែន​ជា​មួយម៉ិចស៊ីកូ ខណៈការប្រកាស​នេះត្រូវបាន​គេរំពឹងថា នឹងផ្ដល់កញ្ចប់​​ថវិកាជាង ៨ពាន់លានដុល្លារ​ក្នុង​ការសង់ ជញ្ជាំង​ព្រំដែនតាមការចង់បាន។

ចំណាត់ការក្តៅ​នេះបានកើតឡើង​ក្រោយពី​សភាអាមេរិក បានសប្តាហ៍នេះ បានយល់ព្រមអនុម័ត​ថវិកាបណ្តោះ​អាសន្នតែ ១.៣៧ពាន់លានដុល្លារ សម្រាប់​លោក ត្រាំ យកទៅកសាង​របងដែកព្រំដែន​ធម្មតាៗ ខណៈលោក​ ត្រាំ ចង់បានរហូតដល់ទៅ ៥.៧ពាន់លានដុល្លារឯណោះ ដើម្បីកសាង​ជញ្ជាំងដ៏រឹងមាំបំផុត៕