(វ៉ាស៊ីនតោន)៖ សមាជិកសភា​មួយរូបនៃសហរដ្ឋអាមេរិក គឺលោក អាន់ថូនី វៃណឺ (Anthony Weiner) ត្រូវបានដោះលែង​ចេញពីពន្ធនាគារ​ហើយ នៅក្នុងរដ្ឋ​ម៉ាស្សាជូសេតស៍ (Massachusetts) ក្រោយពីលោក​បានជាប់ឃុំខ្លួន​រហូតដល់ ១៥ខែ ពីបទមានទំនាក់ទំនង​មិនសមរម្យ​​ ជា​មួយក្មេង​ស្រីមិនទាន់គ្រប់​​អាយុ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Weiner ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២១ខែ ក្រោយពី​បាន​​រកឃើញ​ថា លោកបានផ្ញើសារ​​រោលរាលឲ្យទៅក្មេងស្រីម្នាក់​អាយុ ១៥ឆ្នាំ កាលពីឆ្នាំ២០១៧។ លោក​បានជាន់ពន្ធនាគារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ដេវិនស៍ (Devens) ក្នុងរដ្ឋម៉ាស្សាជូសេតស៍​អស់រយៈពេល ១៥ខែ និងផ្ទេរទៅ​អនុវត្តន៍ទោសបន្ត​នៅមជ្ឈមណ្ឌលមួយ​ក្នុងទីក្រុង ប្រ៊ូឃ្លីន (Brooklyn) និង​ត្រូវតុលាការ​កំណត់ឲ្យដោះលែង​លោកពេញលេញ​ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា លោក David Weiner អាយុ ៥៤ឆ្នាំ គឺជាអតីត​​សមាជិកសភានៃបក្ស​ប្រជាធិបតេយ្យ​​មកពី​រដ្ឋញូយ៉ក ដែលបាន​កាន់​តំណែងនេះ​ពីឆ្នាំ១៩៩៩ ដល់​ឆ្នាំ២០១១។ ទោសទណ្ឌ​ដែលលោកបានទទួល គឺ​ទៅលើការផ្ញើរូបភាពអាសអាភាស និងសារបែបរោល បង្អប់អត្ថន័យល្បួងសុំឲ្យប្រព្រឹត្តអំពើអាសអាភាស ទៅកាន់ក្មេងស្រី​មិនទាន់គ្រប់អាយុ៕