(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះ​ពីរគ្រឿងនៃកងទ័ព​អាកាសឥណ្ឌា ដោយជួបហេតុការណ៍​អាក្រក់​ដោយហោះបុកគ្នា​នៅកណ្តាល​អាកាស អំឡុងពេល​នៃការហ្វឹកហ្វឺនមួយ​ត្រៀមបញ្ចេញ​សមត្ថភាព​ក្នុងកម្មវិធី​ហោះហើរ​ប្រចាំឆ្នាំ ខណៈពីឡុតម្នាក់​បានបាត់បង់ជីវិត និងពីរនាក់​ទៀត​រងរបួស៕

២៖ បណ្ដារដ្ឋចំនួន១៦របស់សហរដ្ឋអាមេរិកបានប្រមូលកម្លាំងគ្នាជាក្រុមចំរុះមួយ ក្រោមការដឹកនាំដោយរដ្ឋកាលីហ្វ័រញ៉ា ដើម្បីដាក់ពាក្យប្ដឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងតុលាការជុំវិញការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន​ផ្នែកសន្តិសុខ សំដៅប្រមូលនិធិសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ៕

៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានយោធាវេណេស៊ុយអេឡា​ ឱ្យបោះបង់ចោលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់អ្វីៗគ្រប់យ៉ាង ហើយលោកក៏បានជម្រុញយោធា នៃប្រជាជាតិអាមេរិកឡាទីន​មួយនេះ​ អនុញ្ញាតឱ្យក្បួនរថយន្ដមនុស្សធម៌ របស់សហរដ្ឋអាមេរិកចូលក្នុងប្រទេសផងដែរ៕

៤៖ ​មនុស្ស​យ៉ាងហោច​ណាស់​០២នាក់បានស្លាប់ និង​៥០នាក់រងរបួស ក្រោយអគ្គីភ័យ​​បានលេបត្របាក់ កន្លែងងូតទឹកសាធារណមួយ​នៅក្នុងទីក្រុងដែគូ (Daegu) ស្ថិតនៅភាគ​អាគ្នេយ៍នៃប្រទេស​កូរ៉េខាងត្បូង៕

៥៖ ប្រធានាធិបតី​តួកគី​លោក តាយយីព អឺដូហ្គាន់ បានលើកឡើង​​កាលពីថ្ងៃ​សៅរ៍​សប្តាហ៍មុននេះថា កិច្ចព្រមព្រៀងទិញ​ប្រព័ន្ធមីស៊ីល​ S-400 រវាងតួកគី និងរុស្ស៊ីនោះ​គឺនៅ​តែដដែល គ្មាន​នរណាអាចមកផ្លាស់ប្តូរបានឡើយ ហើយនៅ​ថ្ងៃអង្គារនេះ​លោកបាន​បញ្ជាក់​បន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោន និង NATO បានព្យាយាម​ជាថ្មីទៀត​ហើយក្នុងការ​បញ្ចុះបញ្ចូល​តួកគី ឲ្យបោះបង់ចោល​​គំនិតទិញ S-400៕

៦៖ ប៉ាគីស្ថានបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាក៏ដូចជាជួយឥណ្ឌាស៊ើបអង្កេតលើករណីវាយ​ប្រហារ​​ដ៏​អាក្រក់​​នៅតំបន់កាស្មៀរនាពេលថ្មីៗនេះ ប៉ុន្តែនឹងធ្វើការសងសឹកតបតទៅវិញ ប្រសិនបើទីក្រុងញូដេលីហ៊ានបើកការវាយប្រហារ​មក​លើខ្លួន៕