(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារ​សប្តាហ៍នេះ បាននិយាយថា កិច្ចចរចាលើវិវាទ​​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន បានប្រព្រឹត្តទៅយ៉ាង​ល្អប្រសើរ ហើយលោកក៏បាន​ឲ្យតំរុយទៀតថា អាមេរិកអាច​នឹងពន្យារពេលវេលា​នៃការ​ផ្អាកសង្រ្គាម​ដំឡើងពន្ធឲ្យហួស​ពីថ្ងៃទី០១ ខែមីនា។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ត្រាំ បានធ្វើការលើក​ឡើង​បែបនេះ បន្ទាប់ពី​ប្រតិភូ​មន្រ្តីអាមេរិក​បានធ្វើទស្សនកិច្ច​ទៅកាន់​ទីក្រុងប៉េកាំង​កាលពីសប្តាហ៍​មុន ដើម្បីចូលរួមការពិភាក្សា​នៃ​កិច្ច​ចរចា​ពាណិជ្ជកម្ម​អាមេរិក-ចិន ខណៈការកិច្ចពិភាក្សា​ជាបន្ទាប់ទៀតនឹងត្រូវប្រព្រឹត្ត​ទៅ​​នៅ​​ក្នុង​ទីក្រុងវ៉ាស៊ីនតោន​នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ​សប្តាហ៍នេះ។

គួរជម្រាបថា ចិននិងសហរដ្ឋអាមេរិក​​បានបង្កសង្រ្គាមពាណិជ្ជកម្ម​ដាក់គ្នា ចាប់តាំងពី​​ពេលដែល​លោក ដូណាល់ ត្រាំ បាន​ប្រកាសកាល​ពីខែមិថុនា ឆ្នាំ២០១៨ថា ទំនិញចិន​គិតជាទឹកប្រាក់​​ស្មើនឹង ៥០ពាន់លានដុល្លារ ដែលនាំចូលមក​កាន់​អាមេរិក​នឹង​ត្រូវ​ជាប់​ពន្ធ ២៥ភាគរយ សំដៅ​ព្យាយាមស្រោចស្រង់​ឡើងវិញ នូវឱនភាព​ពាណិជ្ជកម្ម​រវាងអាមេរិក-ចិន។

តាំងពីនោះមក មហាយក្សសេដ្ឋកិច្ច​ពិភពលោកទាំងពីរ បានប្រកាសដំឡើងពន្ធ​ដាក់គ្នាទៅវិញ​ទៅមក រហូតដល់ពេល​កិច្ច​​ប្រជុំ​​កំពូល G20 នៅអាហ្សង់ទីន កាលពីខែធ្នូ ឆ្នាំទៅមិញ​លោក ត្រាំ និង​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បានឯកភាព​គ្នា​​លើ​ការផ្អាកជាបណ្តោះ​អាសន្ន​ នូវសង្រ្គាមពន្ធរវាង​ប្រទេស​ទាំងពីរ ដើម្បីអនុញ្ញាត​ឲ្យ​មានឱកាស​ចរចាគ្នា ដើម្បីស្វែងរកកិច្ច​ព្រម​ព្រៀង​​​ពាណិជ្ជកម្មថ្មី​ ខណៈការផ្អាកនេះ​នឹងត្រូវ​ផុតកំណត់​នៅថ្ងៃទី០១ ខែមីនា ខាង​មុខនេះ៕