(វ៉ាស៊ីនតោន)៖ ក្រោយជំនួប​ប្រជុំអស់​រយៈពេលជាច្រើន​ខែ ជាមួយបណ្ដាបេក្ខជន​ប្រធានាធិបតី​នៃបក្ស​ប្រជាធិបតេយ្យ អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅតែមិនទាន់​បង្ហាញជំហរគាំទ្រ​ដោយផ្ទាល់ ទៅកាន់បេក្ខជនណាមួយឡើយ រហូតដល់បេក្ខជន​រូបនោះ​ត្រូវបានបក្សតែង​តាំង ​ជាបេក្ខភាពតំណាងបក្ស​ជាផ្លូវការ ដើម្បីប្រកួតប្រជែង​យកតំណែងជា​ប្រធានាធិបតីជា​មួយ​លោក ដូណាល់ ត្រាំ។ នេះបើតាម New York Times ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

សារព័ត៌មាន​អាមេរិក New York Times ផ្អែកលើប្រភពដែល​ខ្លួនទទួលបាន ក៏បានឱ្យដឹង​ដែរថា បើទោះជាលោក អូបាម៉ា មិនបានបង្ហាញការគំាទ្រដល់​បេក្ខជនណាមួយ​ក៏ដោយ ប៉ុន្តែលោក​នឹងនៅតែផ្ដល់​ការប្រឹក្សា និងយោបល់​ថា តើត្រូវធ្វើយ៉ាងដូចម្ដេច​ទើបអាចផ្ដួល​លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​នៅឆ្នាំ២០២០ ខាងមុខ។ សារព័ត៌មាន​អាមេរិកមួយនេះ​បន្ថែមថា លោក អូបាម៉ា បានជម្រុញឱ្យ​បេក្ខជនបក្ស​ប្រជាធិបតេយ្យទាំងអស់​ ធ្វើការប្រឆាំងនឹង​ការលើកឡើង​របស់លោក ត្រាំ ជុំវិញបញ្ហា​សេដ្ឋកិច្ច និងបញ្ហា​ជាច្រើន​ដែលបានកើតឡើង​ នៅអំឡុងអាណត្តិ​ជាប្រធានាធិបតី​អាមេរិក ដោយភ្ជាប់ជា​មួយហេតុផល និង​ដំណោះស្រាយ។

បន្ថែមពីលើនេះ អតីតប្រធានាធិបតី​អាមេរិករូបនេះ ថែមទាំងបាន​ជម្រុញទៀតផងឱ្យបេក្ខជន​ទាំងអស់ កុំផ្តោតតែទៅ​លើលក្ខណៈបុគ្គល ឬបញ្ហាបុគ្គល​នៅក្នុងប្រកួតប្រជែង​យកតំណែង បេក្ខភាព​ប្រធានាធិបតី​តំណាងបក្ស​ប្រជាធិបតេយ្យ ព្រោះវាអាចនឹង​បង្កឱ្យមាន​សង្រ្គាម​សម្ដីទៅវិញទៅមក ក្នុងចំណោមបក្សខ្លួនឯង ដែលនេះអាច​នឹងជួយឱ្យលោក ដូណាល់ ត្រាំ ចាប់ងាយស្រួល​កំហុស និងវាយបក​វិញ។

គួរបញ្ជាក់ថា នេះមិនមែនជា​លើកទីមួយឡើយដែល​លោក បារ៉ាក់ អូបាម៉ា ព្យាយាលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោត​អាមេរិក ឬក៏ផ្ដល់​យោបល់ឱ្យ​បេក្ខជនមានសក្ដានុពល​នោះទេ។ ជាក់ស្ដែង កាលពីនៅអំឡុង​ការបោះឆ្នោតសភា​ពាក់កណ្ដាល​អាណត្តិ លោក អូបាម៉ា ក៏ធ្លាប់បានផ្ដល់​យោបល់ឱ្យគណបក្សប្រជាធិបតេយ្យ​ ផ្ដោតទៅលើបញ្ហាប្រចាំថ្ងៃ ជាជាងគិតគូរ​ទៅលើការស៊ើប​អង្កេតលើរុស្ស៊ីផងដែរ ដែលជាហេតុ​ធ្វើឲ្យបក្សនេះ​ទទួលបានការគាំទ្រ និងកាន់កាប់សំឡេង​ភាគច្រើន​ក្នុងសភា​ឡើងវិញ៕