(ម៉ូស្គូ)៖ យន្តហោះ​ចម្បាំង MiG-31BM ចំនួនពីរគ្រឿង​របស់ប្រទេសរុស្ស៊ី បានវិលត្រឡប់​មកធ្វើប្រតិបត្តិការជា​ធម្មតាឡើងវិញ នៅ​​ក្នុងជួរអង្គភាព​ទ័ពជើងទឹករុស្ស៊ី​ប្រចាំនៅតំបន់​ប៉ាស៊ីហ្វិក (Pacific Fleet) ក្រោយពីពួកវា​បានឆ្លងកាត់ការ​ធ្វើទំនើបកម្ម​ និង​កែលម្អ​​យ៉ាង​ស៊ីជម្រៅរួចរាល់។ នេះបើតាម​ការបញ្ជាក់ពីអ្នកនាំពាក្យ​​អង្គភាព Pacific Fleet របស់រុស្ស៊ី លោក នីកូឡៃ វូសក្រេសិនស្កាយ (Nikolai Voskresensky) ដកស្រង់​សម្តីដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Voskresensky បានបញ្ជាក់ថា នាថ្ងៃពុធនេះ​យន្តហោះចម្បាំង MiG-31BM ចំនួន០២គ្រឿង បានវិលត្រឡប់ចូល​មក​​បម្រើការជា​ធម្មតាវិញ​នៅក្នុងអង្គភាព ល្បាតដែនសមុទ្រប៉ាស៊ីហ្វិក (Pacific Fleet) នៅឯក្រុង យេលីហ្សូវ៉ូ (Yelizovo) នៃតំបន់​ចុងបូព៌ារបស់​​ប្រទេសរុស្ស៊ី បន្ទាប់ពីពួកវា​បាន​ឆ្លងកាត់​ការជួលជុល កែលម្អ និង​ទំនើបកម្ម​យ៉ាងដិតដល់។ បើតាម​លោក Voskresensky ​នៅ​ត្រឹម​ដំណាច់ឆ្នាំនេះ យន្ត​ហោះ​ចម្បាំង MiG-31BM មួយ​ចំនួនទៀត ក៏នឹងវិលចូលមកបម្រើ​ការវិញនៅកង Pacific Fleet ផងដែរ ដើម្បីការពារដែនអាកាស និងទឹករុស្ស៊ី​នៅមហាសមុទ្រប៉ាស៊ីហ្វិក។

គួរជម្រាបថា យន្តហោះចម្បាំង MiG-31BM ត្រូវបានបង្កើន​សមត្ថភាព​​​ពី​យន្តហោះចម្បាំង MiG-31។ យន្តហោះចម្បាំង​​ប្រភេទ​ Supersonic Interceptor នេះ​ត្រូវបាន​រចនាឡើងដើម្បី​ហោះស្ទាក់​​គោលដៅលើ​ផ្ទៃ​អាកាស នៅតាមតំបន់ឆ្ងាយៗ​ដែល​ជា​ការ​លំបាកសម្រាប់​​ហោះ​ចម្បាំង​ធម្មតាៗ។ សម្រាប់សព្វាវុធដែល​បំពាក់នៅលើ MiG-31BM រួមមានមីស៊ីល​រយៈចម្ងាយ​ឆ្ងាយ R-33 និងរយៈចម្ងាយ​ខ្លី R-73 ហើយល្បឿនអតិបរមា​នៅរយៈកម្ពស់ខ្ពស់​របស់វា គឺ៣,០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង៕