(ហាណូយ)៖ វៀតណាមកំពុងគ្រោងនឹងធ្វើការ​នាំចេញអង្ករឲ្យ​បានពី ០៦ ទៅ ០៧លានតោនក្នុងឆ្នាំ២០១៩នេះ ធៀបទៅ​នឹង​អង្ករប្រមាណ ៦.១លានតោន​គិតជាទឹកប្រាក់ជិត ៣.១ពាន់លានដុល្លារ​អាមេរិក ដែលបាននាំចេញ​ទៅក្រៅប្រទេស​​កាល​ពី​ឆ្នាំ​​មុន។ នេះបើ​តាមការដក​ស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ប្រទេសអាស៊ាន​នេះនឹងបង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យាទំនើបៗ ក្នុង​ការ​ធ្វើស្រែ​ក្រោមគោលដៅប្រមូលទិន្នផល​អង្ករឲ្យ​បាន​​៤៣.៥លានតោន ពីផ្ទៃដីនៃតំបន់ធ្វើស្រែ​នៅទូទាំងប្រទេសទំហំ ​៧.៥​​លាន​ហិកតា ក្នុងឆ្នាំ២០១៩នេះ។ កាលពីខែមករា​កន្លងទៅ វៀតណាមបាននាំ​ចេញអង្ករ​៤០០,០០០តោនគិត​ជាតម្លៃ​ ១៨០លានដុល្លារ​​ទៅកាន់​ទីផ្សារនានា​នៅឯក្រៅ​ប្រទេស។

គួរជម្រាបថា នាថ្ងៃអង្គារ​សប្តាហ៍នេះ នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន ហ្សួនហ្វុក (Nguyen Xuan Phuc) បានស្នើក្រសួងកសិកម្ម​ក៏ដូចជា​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្យាយាមស្វែងរក​ទីផ្សារនាំចេញរយៈពេល​វែង និងកាន់តែធំ​សម្រាប់អង្ករ​វៀតណាម។ បើ​តាមរបាយការណ៍​របស់ក្រសួងកសិកម្ម​វៀតណាម បរិមាណនៃការ​នាំចូលអង្ករពីប្រទេស​វៀតណាម បានកើនឡើងនៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី អ៊ីរ៉ាក់ ទីក្រុងហុងកុង​នៃប្រទេសចិន និងហ្វីលីពីន​កាលពីឆ្នាំ២០១៨៕