(ពិភពលោក)៖ នៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះ​ចម្បាំង MiG-31BM ចំនួនពីរគ្រឿង​របស់ប្រទេសរុស្ស៊ី បានវិលត្រឡប់​មកធ្វើប្រតិបត្តិការជា​ធម្មតាឡើងវិញ នៅ​​ក្នុងជួរអង្គភាព​ទ័ពជើងទឹករុស្ស៊ី​ប្រចាំនៅតំបន់​ប៉ាស៊ីហ្វិក (Pacific Fleet) ក្រោយពីពួកវា​បានឆ្លងកាត់ការ​ធ្វើទំនើបកម្ម​ និង​កែលម្អ​​យ៉ាង​ស៊ីជម្រៅរួចរាល់៕

២៖ អ៊ីស្រាអែលនឹង​បង្កើតព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រមួយ​របស់ខ្លួន តាមរយៈការបាញ់​បង្ហោះគ្រឿងយន្តអវកាសជាលើកដំបូងបំផុត ហោះទៅកាន់ឋានព្រះច័ន្ទនៅក្នុងសប្ដាហ៍​នេះ៕

៣៖ ​រដ្ឋាភិបាល​ប្រេស៊ីលបាន​ចេញសេចក្តីថ្លែងការណ៍​មួយឲ្យដឹងថា ខ្លួននឹងចាប់ផ្តើម​ដឹកជញ្ជូន​ជំនួយផ្នែក​មនុស្សធម៌ ​ឲ្យ​ទៅ​​ដល់​តំបន់ព្រំប្រទល់​ជាមួយ​ប្រទេសវេណេស៊ុយអេឡា​នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ៕

៤៖ សំនួរដែលសួរថា តើចក្រវាឡមួយនេះមានព្រំដែនដែរ ឬមួយក៏អត់នោះ ពេលនេះ​កាន់តែស្រពិចស្រពិលហើយព្រោះកាឡាក់ស៊ី​រាប់សែន​ដែលអ្នកវិទ្យាសាស្រ្តពុំ​ធ្លាប់ឃើញពីមុន បានបង្ហាញ​ខ្លួន​ក្នុងផែនទី​នៃផ្ទៃមេឃ​ពេលរាត្រីថ្មី​មួយ ដែលបង្កឲ្យ​មានការភ្ញាក់ផ្អើលខ្លាំងបំផុត​​៕

៥៖ ស្តេចអារ៉ាប៊ីសាអូឌីត​ព្រះចៅ សាលម៉ាន់ (Salman) នាថ្ងៃអង្គារសប្តាហ៍នេះ បានពិភាក្សាគ្នាជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញ​កិច្ចសហប្រតិបត្តិការ​ដើម្បីសម្រេចបាននូវស្ថិរភាពទីផ្សារប្រេង​​ពិភពលោក៕

៦៖ យន្តហោះចម្បាំង​ជប៉ុនមួយគ្រឿង​ប្រភេទ F-2 បានធ្លាក់ចូលទៅ​ក្នុងសមុទ្រ​ជប៉ុន​នៅពេលកំពុង​បំពេញលំហាក់ហ្វឹកហ្វឺនមួយ នាព្រឹកថ្ងៃពុធនេះ​តែម្តង ប៉ុន្តែជា​សំណាង​ល្អ​ពីឡុតទាំងពីររូប​ដែលបញ្ជានៅលើនោះ ត្រូវបានជួយ​សង្គ្រោះទាន់​ពេល៕