(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានទុកជាមុនថាទីក្រុងម៉ូស្គូនឹងតម្រង់ក្បាលមីស៊ីលលឿនជាងសំឡេងស៊េរីថ្មី ចុងក្រោយបំផុតរបស់ខ្លួនទៅរកសហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យមជាថ្មីនៅលើ ទ្វីបអឺរ៉ុប ក្រោយដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ការព្រមានបែបនេះរបស់លោក ពូទីន ធ្វើឡើងនៅអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជនរុស្ស៊ី នៅថ្ងៃពុធនេះ។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានបញ្ជាក់ដែរថា ទីក្រុងម៉ូស្គូគ្មានបំណងដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យមនៅលើទ្វីបអឺរ៉ុបនោះទេ ប៉ុន្តែបើសិនជាសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលជាថ្មីនៅតាមបណ្ដាប្រទេសអឺរ៉ុប នោះរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបដូចគ្នា ហើយអាវុធ និងមីស៊ីលថ្មីទាំងអស់មិនមែនតម្រង់ទៅរកតែប្រទេសទទួលមីស៊ីលអាមេរិកឡើយ ពោលគឺតម្រង់ទៅរកសហរដ្ឋអាមេរិកតែម្ដង។
គួរបញ្ជាក់ថា មីស៊ីលស៊េរីថ្មីដែលលោក ពូទីន បានលើកឡើងគឺមានឈ្មោះថា Zircon ដែលប្រភេទមីស៊ីលរយៈចំងាយមធ្យម និងល្បឿន លឿនជាសំឡេង៩ដង ហើយអាចបាញ់បានចំងាយ៦២០ miles ឬជាង៩៩៧គីឡូម៉ែត្រ៕