(ដាកា)៖ មនុស្សយ៉ាងតិចចំនួន៦៩នាក់បានបាត់បង់ជីវិត ក្រោយគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយ​បានកើតឡើង​​ នៅ​ក្នុង​រដ្ឋធានី​ដាកា ​នៃ​ប្រទេស​បង់​ក្លាដែស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅវេលាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យរបស់បង់ក្លាដែស លោក Ali Ahmed បានបញ្ជាក់ថា គ្រោះអគ្គីភ័យខាងលើទំនងជាបានបង្កឡើង​ចេញពី​​បំពង់​ហ្គាស ​នៅក្នុងអគារ Apartment មួយកន្លែង ដែលជាទីស្តុកទុកនូវសារធាតុគីមជាច្រើនមុខ ដែលងាយនឹងឆាបឆេះ​ផង​ដែរ។ មិនតែប៉ុណ្ណោះអណ្តាតភ្លើងក្នុងអគារនេះ ក៏បានរីករាលដាលដល់អគារ ៤ផ្សេងទៀត ដែលនៅជាប់គ្នាថែមទៀតផង​។​​

បើតាមលោក Ahmed អគ្គីភ័យដ៏អាក្រក់នេះស្ទើរតែត្រូវគ្រប់គ្រងបានទាំងស្រុងហើយ ប៉ុន្តែចំនួនអ្នកស្លាប់អាចនឹងមានការកើន​ឡើងខ្ពស់ថែមទៀត ខណៈដែលការរុករកជនរងគ្រោះកំពុងបន្តប្រព្រឹត្តទៅនៅតាមអគារ ដែលបានទទួលរងការឆាបឆេះ។ ក្រៅពីនេះមនុស្សជាច្រើននាក់ទៀត ក៏បានរងរបួសក្នុងហេតុការណ៍ខាងលើផងដែរ។

គួរជម្រាបថា កាលពីឆ្នាំ២០១០ គ្រោះអគ្គីភ័យស្រដៀងគ្នា បានកើតឡើងក្នុងអគារ​មួយកន្លែង ដែលត្រូវបានប្រើប្រាស់​ដើម្បី​ស្តុក​សារធាតុគីមីដូចគ្នា ដោយបានផ្តាច់ជិវិតមនុស្សជាង១២០នាក់ នៅក្នុងទីក្រុងដាកា៕