(ម៉ូស្គូ)៖ សភាជាន់ទាបរុស្ស៊ី (រដ្ឋសភា) បានបោះឆ្នោតអនុម័តហើយ លើសេចក្ដីព្រាងច្បាប់មួយ ដែលនឹងហាមឃាត់កងកម្លាំងយោធាប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនគ្រប់ម៉ូដែល ដើម្បីការពារព័ត៌មានយោធា កុំឱ្យធ្លាក់ដល់ដៃទីភ្នាក់ងារស៊ើបការណ៍សំងាត់បរទេស ខណៈការប្រើប្រាស់បណ្ដាញទំនាក់ទំនង សង្គមរបស់យោធារុស្ស៊ីកំពុងបង្កជាក្ដីព្រួយបារម្ភដល់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្ដីព្រាងច្បាប់ខាងលើទទួលបានការគាំទ្រ ៤០០សំឡេង ក្នុងចំណោមសមាជិកសភាជាន់ទាបរុស្ស៊ីទាំងអស់ ៤៥០រូប នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លើសពីនេះទៅទៀត ផ្អែកលើសេចក្ដីព្រាងច្បាប់នេះដដែល កងកម្លាំងយោធារុស្ស៊ីទាំងអស់មិនអាចប្រើប្រាស់ទូរស័ព្ទដៃទាំងឡាយណាដែលអាចថតរូប ថតវីដេអូ និងប្រើបា្រស់អិនធឺណែតបាននោះឡើយ ហើយមិនតែប៉ុណ្ណោះពួកគេក៏ត្រូវបានហាមឃាត់ផងដែរ ក្នុងការសរសេរឬនិយាយព័ត៌មានពាក់ព័ន្ធនឹងយោធា ទៅកាន់អ្នកសារព័ត៌មាននានាជាដាច់ខាត។ ប៉ុន្តែទូរស័ព្ទដៃធម្មតាត្រឹមតែអាចហៅចេញ ឬ ផ្ញើសារនៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ រីឯ tablets និង laptops ត្រូវជាប់បម្រាម។
គួរបញ្ជាក់ថា បច្ចុប្បន្នសេចក្ដីព្រាងច្បាប់ខាងលើត្រូវបញ្ជូនបន្តទៅកាន់សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី មុននឹងត្រូវបានចុះហត្ថលេខាឱ្យវាក្លាយជាច្បាប់ផ្លូវការដោយប្រធានាធិបតីលោក វ៉ា្លឌីមៀ ពូទីន។ ឈានចូលដល់ឆ្នាំ២០១៩ នេះគេសង្កេតឃើញថា ប្រទេសរុស្ស៊ីហាក់ព្យាយាមបង្កើនសក្តានុពល និងកំណែទម្រង់ផ្ទៃក្នុងយោធាយ៉ាងខ្លាំង ជាពិសេសទៅការធ្វើទំនើបកម្មសព្វាវុធ និងសន្តិសុខព័ត៌មានវិទ្យាជាដើម៕