(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន បាននិយាយថា តំណាងយោធាជាន់ខ្ពស់វេណេស៊ុយអេឡាប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីពីរបស់វេណេស៊ុយអេឡាហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ចន បូលតុន បានបង្ហោះសារលើបណ្តាញសង្គម Twitter នាថ្ងៃពុធសប្តាហ៍នេះថា «តំណាងយោធាជាន់ខ្ពស់វេណេស៊ុយអេឡា លោក ផេដ្រូ ជីរីណូស (Pedro Chirinos) បានប្រកាសពីការទទួលស្គាល់ផ្លូវការរបស់លោក ចំពោះលោក Juan Guaido ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា»។
គួរជម្រាបថា កាលពីខែមករាកន្លងទៅ តំណាងយោធាជាន់ខ្ពស់វេណេស៊ុយអេឡាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ក៏បានប្រកាសដើរចេញពីរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ហើយទទួលស្គាល់ លោក Guaido ជាមេដឹកនាំស្របច្បាប់នៃប្រទេសអាមេរិកឡាទីននេះវិញ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ប្រមុខការពារជាតិវេណេស៊ុយអេឡា ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ឯទៀតៗ នៅតែប្រកាន់ស្មោះស្ម័គ្រចំពោះលោក ម៉ាឌូរ៉ូ ជានិច្ច ទោះបីត្រូវប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមធ្ងន់ៗថា ពួកគេនឹងប្រឈមមុខជាមួយការបាត់បង់អ្វីៗទាំងអស់ក៏ដោយ៕