(ហាណូយ)៖ ប្រមុខដឹកនាំកំពូល​ផុតលេខកូរ៉េខាងជើង នឹងមកបំពេញ​ទស្សនកិច្ចផ្លូវ​រដ្ឋ​នៅក្នុងប្រទេស​វៀតណាម​នាពេលឆាប់ៗនេះហើយ នៅមុនជំនួប​កំពូលជាមួយ​លោក ដូណាល់ ត្រាំ ត្រូវធ្វើឡើង​ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម ដែលសារព័ត៌មាន ស៊ីនហួរ​ ដកស្រង់នៅរសៀល​ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ទោះបីជា​បែបនេះក្តី រដ្ឋាភិបាលវៀតណាម​​មិនបានបញ្ជាក់ពីពេលវេលា​ជាក់លាក់ នៃការបំពេញទស្សនកិច្ច​របស់លោក គីម និងគណប្រតិភូកូរ៉េខាងជើង ជាលើកដំបូង​មកកាន់វៀតណាមនេះឡើយ។ ការមកបំពេញ​ទស្សនកិច្ចនៃមេដឹកនាំកំពូល​កូរ៉េខាងជើង​នេះ គឺតបតាមការ​អញ្ជើញពីអគ្គលេខាធិការ​បក្សកុម្មុយនិស្ត និងជាប្រធានាធិបតី​វៀតណាម​លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ដែលត្រូវបាន​បញ្ជាក់ជាផ្លូវការ​ដោយ​ក្រសួងការបរទេស​​វៀតណាមនៅថ្ងៃសៅរ៍នេះតែម្តង។

បន្ថែមពី​ខាងលើនេះ លោក គីម ជុងអ៊ុន ក៏នឹងចូលរួមក្នុង​កិច្ចប្រជុំកំពូលលើក​ទីពីរជាមួយ​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុងហាណូយ​ផងដែរ ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ប៉ុន្តែគេនៅ​មិនទាន់ដឹង​ថា តើលោក គីម នឹងប្រើ​ពេលបំពេញទស្សនកិច្ច​​ផ្លូវរដ្ឋ​នៅវៀតណាមផង និង​ជួប​លោក ត្រាំ នៅពេលបន្ត​បន្ទាប់គ្នាដែរ ឬក៏លោក​ត្រូវត្រឡប់​ទៅកូរ៉េខាងជើងវិញ​សិននោះឡើយ ខណៈពេលវេលា​គឺប្រកៀកប្រកិត​គ្នាជាខ្លាំង។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង​គឺស្ថិតនៅក្នុងចំណោម​​ប្រទេសដំបូងៗ​គេបំផុត ដែល​បានភ្ជាប់ទំនាក់ទំនងការទូត​ជាមួយវៀតណាម​កាលពី​ឆ្នាំ១៩៥០ បន្ទាប់ពី​​ប្រទេសចិន និងអតីត​​សហភាព​សូវៀត។ កូរ៉េខាងជើង​ត្រូវបានចាត់ទុកជា​ប្រទេសកុម្មុយ​និស្តជិតស្និទ្ធមួយ​របស់វៀតណាម ដែលធ្លាប់បាន​បញ្ជូនទាហានរបស់ខ្លួន​រាប់រយនាក់ មកចូលរួម​​ប្រយុទ្ធ​ក្នុងសង្គ្រាម​វៀតណាម និងបាន​បង្វឹក​នាយទាហានវៀតណាម​​ជាច្រើននាក់ផងដែរ នាអំឡុង​ទសវត្សរ៍ ១៩៦០ និង ១៩៧០៕