(អ៊ីស្លាម៉ាបាដ)៖ កាលពី​យប់ថ្ងៃសុក្រ​កន្លងទៅនេះ អគ្គមេបញ្ជាការទ័ព​ប៉ាគីស្ថាននាយ​ឧត្តមសេនីយ អាស៊ីហ្វ ហ្គាហ្វ័រ (Asif Ghafoor) បានព្រមានត្រង់ៗ​ទៅកាន់​ប្រទេស​ឥណ្ឌាថា កុំឲ្យមានការបង្ករឿង ឬចោទប្រកាន់​ណាមួយ ដែលបង្កការរំខានឥតឈប់ឈរមកលើ​ប៉ាគីស្ថាន ជុំវិញការបំផ្ទុះគ្រាប់បែក​អត្តឃាតកាលពីសប្តាហ៍​មុននោះឲ្យសោះ ព្រោះ​ប៉ាគីស្ថាន​មិនចង់ធ្វើ​សង្គ្រាម និង​មិនអាចអត់ធ្មត់​បានរហូតនោះ​ឡើយ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន South China Morning Post ដែលត្រូវបាន​ដកស្រង់​នៅ​រសៀល​ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ជុំវិញស្ថានការណ៍​​តានតឹង និងការធ្វើបាតុកម្ម​ខ្លាំងឡើងៗ​​​ដោយក្រុមជនជាតិ​​ឥណ្ឌា នៅតំបន់​ព្រំដែន​ជាប់​ប៉ាគីស្ថាន​នោះ លោក​នាយ​ឧត្តមសេនីយ Asif បាន​​ព្រមាន​ទាំង​កណ្តាល​​យប់​យ៉ាង​ដូច្នេះថា «យើងសង្ឃឹមថា អ្នកនឹងមិន​មករញ៉េរញ៉ៃ​ជាមួយយើង​នោះឡើយ...។ យើងមិនចង់​ឈានទៅរកសង្គ្រាម​ជាមួយឥណ្ឌានោះឡើយ ប៉ុន្តែ​ប្រសិនបើ​ឥណ្ឌាបង្កភាព​គគ្លើនកាន់តែខ្លាំងឡើងៗនោះ ពួកគេនឹង​មិនអាចឲ្យយើង​អត់ធ្មត់​បានតទៅទៀតនោះ​ឡើយ...»

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងឥណ្ឌា និងប៉ាគីស្ថានបាន​ប្រែជាប្រេះស្រាំខ្លាំង​ឡើងវិញ បន្ទាប់ពី​​ការបំផ្ទុះគ្រាប់បែក​នៅតំបន់កាស្មៀ​ ដែលជាផ្នែកគ្រប់គ្រងដោយអាជ្ញាធរឥណ្ឌា ត្រូវបានធ្វើឡើង​ដោយ​​ក្រុមឧទ្ទាម ហ្សេសអ៊ីម៉ូហាំម៉េដ (Jaish-e-Mohammed) ដែលមានមូលដ្ឋាន​នៅក្នុង​ទឹកដី​​ប៉ាគីស្ថាន បានបង្កឲ្យ​ទាហានឥណ្ឌា​សរុប ៤៦នាក់ស្លាប់។ ឥណ្ឌាបាន​ចោទ​ថា រដ្ឋាភិបាល​​ប៉ាគីស្ថានជាអ្នកស្ថិត​នៅពីក្រោយ​រឿងនេះ ខណៈប៉ាគីស្ថាន​នៅតែប្រកែក​ដដែលជាដដែល​ថា ខ្លួនគ្មានជាប់ពាក់​ព័ន្ធអ្វី​ទៅនឹងក្រុម​សកម្មប្រយុទ្ធ​ខាងលើនេះ​ឡើយ៕