(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្តើមការធ្វើដំណើរតាមរថភ្លើងរបស់លោក ចេញពីរដ្ឋធានីព្យុងយ៉ាង​ហើយ ដែលនឹងកាត់តាមប្រទេសចិន ដើម្បីឆ្ពោះទៅកាន់ទីក្រុងហាណូយនៃប្រទេសវៀតណាម ជាទីដែលលោកត្រូវបើកកិច្ចប្រជុំកំពូលជាលើកទីពីរ​ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមប្រភពពីអ្នកការទូត​កូរ៉េខាងជើងម្នាក់ ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី TASS នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ព័ត៌មាននេះបានលេចឡើងស្របពេលដែល ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមនាថ្ងៃសៅរ៍នេះ បានចេញផ្សាយថា លោក គីម នឹងទៅបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសវៀតណាមនាពេលឆាប់ៗនេះ ក្រោមការអញ្ជើញពី​លោក Nguyen Phu Trong ដែលជាអគ្គលេខាធិការ​បក្ស​កុម្មុយ​និស្តនិងជាប្រធានាធិបតីវៀតណាម ដែលវាជាទស្សនកិច្ចដាច់ដោយឡែកផ្សេង ជាកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ។

ប្រភពការទូតកូរ៉េខាងជើង​បានបង្ហើបឲ្យដឹងថា នាវេលាម៉ោង​០៥៖០០នាទីល្ងាច (ម៉ោងនៅព្យុងយ៉ាង) លោក គីម ជុងអ៊ុន បានចាក​ចេញពី​ព្យុងយ៉ាងដើម្បីឆ្ពោះទៅហាណូយ តាមរយៈរថភ្លើងបាញ់មិនធ្លុះមួយខ្សែ ហើយលោកនឹងធ្វើដំណើរក្នុងរថភ្លើងមួយខ្សែនេះដោយកាត់តាម​ប្រទេសចិនរហូតដល់ប្រទេសវៀតណាម។ ចម្ងាយសរុបរវាង​ទីក្រុងព្យុងយ៉ាងនិងទីក្រុងហាណូយ គឺលើស​ពី៤,៥០០គីឡូម៉ែត្រ ដូច្នេះ​ការ​ធ្វើ​ដំណើររបស់លោក គីម ត្រូវគេរំពឹងថានឹងចំណាយពេលជាង៤៨ម៉ោង បើគ្មានការឈប់នៅចិន។

គួរជម្រាបថា ជំនួបកំពូលលើកទីពីរ​​រវាង លោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃ​ទី២៧ដល់ទី២៨ ខែកុម្ភៈ៕​