(ញូដេលី)៖ សារព័ត៌មានឥណ្ឌានៅថ្ងៃពុធនេះបានចេញផ្សាយថា កងទ័ពអាកាសឥណ្ឌាបានបាញ់ទម្លាក់យន្ដហោះចម្បាំងប៉ាគីស្ថាន មួយគ្រឿងប្រភេទ F16 ជាការសងសឹក ក្រោយពីមានសេចក្ដីរាយការណ៍ថា ប៉ាគីស្ថានទើបបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌាពីរគ្រឿង នៅក្នុងដែនអាកាសរបស់ខ្លួននៅតំបន់កាស្មៀរ និងចាប់បានពីឡុតឥណ្ឌាម្នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានការណ៍បច្ចុប្បន្ន កំពុងតែប្រែក្លាយទៅជាតានតឹងខ្លាំងឡើងៗ បន្ទាប់ពីមានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីពាក់កណ្តាលខែកុម្ភៈ ទៅលើកងកម្លាំងសន្តិសុខឥណ្ឌានៅមួយផ្នែកនៃតំបន់ការស្មៀរ ដែលកាន់កាប់ដោយឥណ្ឌាបណ្តាលមនុស្សជាង ៤០នាក់បាត់បង់ជីវិត ហើយប្រទេសទាំងពីរផ្លោងពាក្យសម្តី និងការគម្រាមគ្នាទៅវិញទៅមក៕