(ប៉ាគីស្ថាន)៖ ប្រជាជាតិនុយក្លេអ៊ែរ​ប៉ាគីស្ថាន និងឥណ្ឌា ត្រូវបានមជ្ឈដ្ឋានខ្លះ​មើលឃើញថា កំពុងស្ថិត​នៅមាត់ជ្រោះ​នៃសង្រ្គាម បន្ទាប់ពីប្រទេស​អតីតបងប្អូន ប៉ុន្តែប្រែក្លាយជាសត្រូវទាំង ២ បានអះអាង​ពីការបាញ់ទម្លាក់យន្ដហោះចម្បាំងរៀងៗ​ខ្លួនកាលពី​ថ្ងៃពុធ។ ទីក្រុង​អ៊ីសា្លម៉ាបាត បានទទួលស្គាល់​ថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំង​ឥណ្ឌា ០២គ្រឿង និងចាប់ខ្លួនពីឡុតម្នាក់ រីឯឥណ្ឌាថា​បានបាញ់ទម្លាក់​យន្ដហោះ ចម្បាំងប៉ាគីស្ថានមួយ​គ្រឿងវិញនៅតំបន់​កាស្មៀរ។

ជម្លោះរវាង​ឥណ្ឌា និងប៉ាគីស្ថាន​បានផ្ទុះឡើងដោយសារតែ​ការវាយប្រហារ​ដោយបំផ្ទុះ គ្រាប់បែក​អត្តឃាតសម្លាប់កង​កម្លាំងឥណ្ឌា ៤២នាក់ ក្នុងតំបន់​ជម្លោះដែនដី​កាស្មៀរ ហើយទីក្រុងញូដេលីបានចោទ​ប្រកាន់ប៉ាគីស្ថាន​ត្រង់ៗតែម្ដងថា ជាអ្នកគាំទ្រក្រុម​សកម្ម​ប្រយុទ្ធ Jaish-e-Mohammad ដែលជាអ្នក​នៅពីក្រោយ​ការវាយប្រហារ​នេះ។ ប៉ុន្តែ ភាពតានតឹងនេះ​រឹតតែឡើងកម្ដៅ បន្ទាប់ពីមាន​ការបាញ់​ទម្លាក់​យន្ដហោះ​ចម្បាំងគ្នា​ទៅវិញ​ទៅមក រហូតដល់​មានការបង្ហាញក្ដីព្រួយបារម្ភ និងសំណួថា តើសង្រ្គាម​រវាង​ប្រជាជាតិ​នុយក្លេអ៊ែរទាំង ២ អាចនឹងផ្ទុះ​ឡើង​ដែរ ឬទេ? រីឯសហគមន៍​អន្តរជាតិវិញនឹង​ប្រតិកម្មយ៉ាងដូចម្ដេច? ម្យ៉ាងទៀត​សង្រ្គាមផ្ទុះ ឬមិនផ្ទុះឡើងគេមិនអាចសន្និដ្ឋានជាមុនទេ តែអ្វីដែលសំខាន់​នោះគឺគ្រោះមហន្តរាយមិននឹកស្មានដល់​អាចនឹងកើតឡើង​មែន​នោះ។

ខាងក្រោមនេះ​គឺការប្រៀបធៀបត្រួសៗ​ពីកម្លាំងយោធា​រវាងប៉ាគីស្ថាន និងឥណ្ឌា៖

* កញ្ចប់​ថវិកាយោធា

កាលពី​ឆ្នាំ២០១៨ ឥណ្ឌាបានអនុម័ត​កញ្ចប់ថវិកា ៥៨ពាន់លានដុល្លារ ឬស្មើនឹង ២.១ភាគរយនៃ GDP របស់ខ្លួន ដើម្បីផ្ដល់​ការគំាទ្រ​ដល់កងកម្លាំងទ័ព​សរុបជាង ១.៤លាននាក់។ នេះបើតាម​វិទ្យាស្ថានអន្តរជាតិ​សម្រាប់ការសិក្សា​យុទ្ធសាស្ត្រ (IISS)។ IISS បានឱ្យដឹងថា ប៉ាគីស្ថានកាល​ពីឆ្នាំ២០១៨ បានអនុម័តកញ្ចប់ថវិកាយោធា ១១ពាន់លានដុល្លារ​តែប៉ុណ្ណោះ ឬស្មើនឹង ៣.៦ភាគរយនៃ GDP សម្រាប់​គាំទ្រដល់កងកម្លាំងទ័ព ៦៥៣,៨០០នាក់។ ប៉ុន្តែទន្ទឹមគ្នា​ប៉ាគីស្ថានក៏ទទួល​បានជំនួយយោធាពីបរទេស ១០០លានដុល្លារ​ផងដែរ​ក្នុងឆ្នាំ ដដែល។

* មីស៊ីល និងអាវុធ​នុយក្លេអ៊ែរ

ឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែ​មាន មីស៊ីលបាលិស្ទីគ​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​រៀងៗខ្លួន។ ដោយឡែក​បើតាមមជ្ឈមណ្ឌល​សម្រាប់​យុទ្ធសាស្ត្រ និងការសិក្សា​អន្តរជាតិ (CSIS) មានមូលដ្ឋាន​ក្នុងទីក្រុង​វ៉ាស៊ីនតោន ឥណ្ឌាមីស៊ីល ០៩ប្រភេទក្នុងនោះរួមមាន​ទំាង មីស៊ីល Agni-3 ដែលអាចបាញ់​បានក្នុងចំងាយពី ៣,០០០គីឡូម៉ែត្រ ដល់៥,០០០គីឡូម៉ែត្រ។ ចំណែកឯ​កម្មវិធីមីស៊ីលរបស់​ប៉ាគីស្ថានវិញ គឺ​ទទួលបានជំនួយ​ផលិតពីចិន ក្នុងនោះរួមមាន​​មីស៊ីលរយៈចំងាយខ្លី និងមធ្យម ដែលអាចបាញ់ដល់​ផ្នែកខ្លះនៃទឹកដី​ឥណ្ឌា។ មីស៊ីល Shaheen 2 អាចបាញ់បានចំងាយ ២,០០០គីឡូម៉ែត្រ ខណៈឥណ្ឌាមាន​ក្បាលគ្រាប់​នុយក្លេអ៊ែរពី ១៣០-១៤០គ្រាប់ តែប៉ាគីស្ថានវិញមានពី ១៤០-១៥០គ្រាប់។

* កងទ័ពជើងគោក

វិទ្យាស្ថានអន្តរជាតិ​សម្រាប់ការសិក្សា​យុទ្ធសាស្ត្រ (IISS) បានឱ្យដឹងថា ឥណ្ឌាមានកងទ័ព​ជើងគោក ១.២លាននាក់​គាំទ្រដោយ​រថក្រោះ ៣.៥៦៥គ្រឿង, រពាសដែក ៣,១០០គ្រឿង, រថពាសដែកដឹកជញ្ជូន ៣៣៦គ្រឿង និងកាំភ្លើងធំ ៩,៧១៩គ្រឿង។ ចំណែកឯ​ប៉ាគីស្ថានវិញ មានកងទ័ពជើង​គោកតែ ៥៦០,០០០នាក់ប៉ុណ្ណោះ ជាមួយរថក្រោះ ២,៤៩៦គ្រឿង, រថពាសដែកដឹក​ជញ្ជូន ១,៦០៥គ្រឿង និងកំាភ្លើងធំ ៤,៤៧២គ្រឿង។

* ​កងទ័ពអាកាស

ដោយមាន​កងទ័ពជើង​គោក ១២៧,២០០នាក់ និងយន្ដហោះ​ចម្បាំង ៨១៤គ្រឿង កងទ័ពអាកាស​ឥណ្ឌាត្រូវបានគេចាត់​ទុកថា ជា​កងទ័ពអាកាសដ៏ខ្លាំងមួយ។ ឥណ្ឌាមាន​យន្ដហោះចម្បាំង​ដូចជា MiG-21 ទិញពីរុស្ស៊ី​ជាដើម រីឯប៉ាគីស្ថានមាន​យន្ដហោះចម្បាំង F-7PG របស់ចិន និងយន្ដហោះ​ចម្បាំង​អាមេរិក F-16។ ប៉ាគីស្ថាន​មានយន្ដហោះចម្បាំង​សរុប ៤២៥គ្រឿង។

* កងទ័ពជើងទឹក

កងទ័ពជើងទឹក​ឥណ្ឌាមាននាវាផ្ទុកយន្ដហោះ​ចម្បាំង ០១គ្រឿង, នាវាមុជទឹក ១៦គ្រឿង, នាវាពិឃាត ១៤គ្រឿង, នាវាល្បាត និងនាវាប្រយុទ្ធ ១០៦គ្រឿង ព្រមទំាងនាវា​ប្រឆាំងយន្ដហោះ​ចម្បាំង ៧៥គ្រឿង និងនាវាចម្បាំង​ធម្មតា ១៣គ្រឿង។ ឥណ្ឌាមាន​កងទ័ព​ជើងទឹកសរុប ៦៧,៧០០នាក់។ ដោយឡែក​ប៉ាគីស្ថានមាន​​នាវាចម្បាំង​ធម្មតា ០៩គ្រឿង, នាវាមុជទឹក ០៨គ្រឿង, នាវាល្បាត ១៧គ្រឿង និងនាវាប្រឆាំង​យន្ដហោះ​ចម្បាំងតែ ០៨គ្រឿងប៉ុណ្ណោះ។

គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺជាការបង្ហាញអំពីសព្វាវុធ និងកម្លាំងជាក់ស្តែង​ដែល​ប្រទេសទាំងពីរនេះមានប៉ុណ្ណោះ ខណៈកត្តាចម្បងមួយទៀត​ដែលអាចធ្វើឲ្យ​ប្រទេសមួយ​មានប្រៀបលើប្រទេសមួយទៀតបាននោះគឺ «យុទ្ធសាស្ត្រនៃការធ្វើសង្គ្រាម»។ ទោះបី​ជាបែបនេះក្តី គ្មានប្រទេសណាមួយចង់ឲ្យប្រទេសធំៗទាំងពីរនេះ ផ្ទុះសង្គ្រាម​រវាងគ្នា​នោះឡើយ ដោយគ្រប់គ្នាកំពុងអំពាវនាវឲ្យរដ្ឋាភិបាលញូដេលី និងអ៊ីស្លាម៉ាបាដ​មានការ​អត់ធ្មត់ និងស្វែងរក​កិច្ចសន្ទនា​ដោះស្រាយ​បញ្ហាដោយសន្តិវិធី៕

ប្រភព៖ Al Jazeera (ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩)