(ការ៉ាកាស់)៖ មាសយ៉ាងហោចណាស់៨តោន ត្រូវបានគេដកចេញពីធនាគារកណ្ដាលវេណេស៊ុយអេឡា តាមបញ្ជារបស់លោក ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ ចំណែកឯ ក្រុមគណបក្សប្រឆាំងក៏បានចោទប្រកាន់ផងដែរថាលោក ម៉ាឌូរ៉ូ មានបំណងយកមាស ទាំងនេះទៅលាក់នៅឯក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមសមាជិកសភានៃគណបក្សប្រឆាំង លោក Angel Daniel Alvarado Rangel មាស៨តោនខាងលើត្រូវបានគេដឹកចេញ ពីធនាគារកណ្ដាលវេណេស៊ុយអេឡាតាមរថយន្ដរដ្ឋាភិបាលជាច្រើនគ្រឿង នៅចន្លោះពីថ្ងៃពុធ និងថ្ងៃសុក្រ សប្ដាហ៍មុន។ លោក Alvarado បានបញ្ជាក់ទៀតថាផ្អែកលើប្រភពចំនួនបីពីរដ្ឋាភិបាលទីក្រុងការ៉ាកាស់ដែលលោកទទួលបាន នៅពេលដែលមាសខាងលើ ត្រូវគេដឹកចេញ ប្រធានធនាគារកណ្ដាលលោក Calixto Ortego បានធ្វើដំណើរទៅកាន់ក្រៅប្រទេស ហើយពុំមានកងកម្លាំងសន្តិសុខ យាមក្នុងអគារនោះទេ។
គួរជម្រាបថា បើតាមលោក Alvarado មាស៨តោនខាងលើ អាចនឹងត្រូវបានលក់ចេញដោយខុសច្បាប់ទៅក្រៅប្រទេស ប៉ុន្តែគេ មិនទាន់ដឹងច្បាស់ថាប្រទេសណាមួយ ហើយមិនដឹងថានរណាជាអ្នកទិញមាសទាំងនេះដែរ៕