(ប្រ៊ុយណេ)៖ នៅទីបំផុតលោក មូន ជែអ៉ិន បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ច នៅបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួនបីនោះហើយ គឺលើកដំបូងនៅប្រទេសប្រ៊ុយណេ និងបន្ទាប់មកគឺម៉ាឡេស៊ី ហើយចុងក្រោយគឺប្រទេសកម្ពុជា ដែលជាទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងរបស់លោក សម្រាប់ឆ្នាំ២០១៩ មានពេល០៧ថ្ងៃចាប់ពីថ្ងៃទី១០-១៦ ខែមីនា។ នេះបើតាមសេចក្តីប្រកាសពីវិមានរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសុន្ទកថាចាប់ផ្តើមនៃកម្មវិធីនៅក្នុងប្រទេសប្រ៊ុយណេ លោក មូ ជែអ៉ិន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណ! ខ្ញុំពិតជារីករាយណាស់ដែលបានជួបព្រះអង្គសាជាថ្មី បន្ទាប់ពីជំនួបរបស់យើងនៅក្នុងប្រទេសសិង្ហបុរី កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ ខ្ញុំពិតជាអរគុណដល់ព្រះអង្គ សម្រាប់ការអញ្ជើញខ្ញុំឱ្យមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅនាឱកាសនេះ»។
លោក មូន បានបន្តទៀតថា «ខ្ញុំបានសម្រេចចិត្តជ្រើសរើសយកប្រទេសប្រ៊ុយណេជា គោលដៅទស្សនកិច្ចក្រៅប្រទេសទីមួយរបស់ខ្ញុំ នៅក្នុងឆ្នាំ២០១៩នេះ។ អស់រយៈពេល ៣៥ឆ្នាំមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ប្រទេសយើងទាំង២ បានជម្រុញមិត្តភាព និងកិច្ចសហប្រតិបតិ្តការយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ក្នុងនោះរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ គួរឱ្យកត់សម្គាល់ ខ្ញុំពិតជាពេញចិត្តដែលកូរ៉េបានចូលរួមចំណែក ក្នុងការស្ថាបនាស្ពាន RIPAS Bridge និង Temburong Bridge ដែលជានិមិត្តរូបនៃថាមពលជាតិ និងការអភិវឌ្ឍរបស់ប្រទេសប្រ៊ុយណេ»។
ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រ៊ុយណេគឺជាដៃគូសហការដ៏សំខាន់ សម្រាប់គោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy) ដែលរដ្ឋបាលរបស់ខ្ញុំ កំពុងបន្តជម្រុញក្នុងនាមជាអាទិភាពដ៏សំខាន់។ ខ្ញុំពិតជាអរគុណដល់ប្រ៊ុយណេ សម្រាប់ការចូលរួមចំណែកដឹកនាំភាពរីកចំរើន នៅក្នុងទំនាក់ទំនងអាស៊ាន-កូរ៉េ តាមរយៈការដើរតួនាទីជាប្រទេសសម្របសម្រួល នៃកិច្ចសន្ទនាជុំវិញទំនាក់ទំនងកូរ៉េ-អាស៊ាន (ASEAN-Korea Dialogue Relations) ហើយជាពិសេសគឺអរគុណដល់ព្រះអង្គ ដែលបានបង្ហាញពីបំណងចង់ឃើញភាពជោគជ័យ នៃកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន ដែលនឹងត្រូវចូលដល់ខួបលើកទី៣០ ក្នុងឆ្នាំ២០១៩នេះនៃការបង្កើត ASEAN-Korea Dialogue Relations។ ខ្ញុំសង្ឃឹមថា ព្រះអង្គនឹងបន្តចែករំលែកវត្ថុបំណងលើកកម្ពស់សន្តិភាព និងភាពរុងរឿងជាមួយគ្នា»។
លោក មូន ជែអ៉ិន បានបន្តទៀតថា «ខ្ញុំសូមកោតសរសើរព្រះអង្គ សម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការបន្តយុទ្ធសាស្ត្រ Vision 2035 និងកំពុងសម្រេចបាននូវ ភាពរីកចំរើនដល់ប្រទេសជាតិ ខណៈកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិប្រជាជន និងផលប្រយោជន៍ រួមទាំងសុខមាលភាពតាមរយៈការប្រាស័យទាក់ទងជាមួយប្រជាជនខ្លួនដោយសាមញ្ញ។ ខ្ញុំរំពឹងថា អាចនឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងអនាគតនៃបច្ចេកវិទ្យា និងឧស្សាហកម្ម ក៏ដូចជាសម្រេចបាននូវ ភាពរុងរឿងឱ្យគ្នាទៅវិញទៅមក តាមរយៈការដើរតាមយុទ្ធសាស្ត្រ Vision 2035 របស់ប្រទេសប្រ៊ុយណេ និងគោលនយោបាយ New Southern Policy របស់កូរ៉េខាងត្បូង ដែលនឹងជួយបង្កើតសហគមន៍សន្តិភាព និងរីកចំរើន»។
ជាកិច្ចបិទសុន្ទរកថា លោក មូន ជែអ៉ិន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្ញុំនៅពេលនេះ នឹងកា្លយជាឱកាសមួយដើម្បីអភិវឌ្ឍ និងបង្កើនទំនាក់ទំនងទ្វេភាគី របស់យើងឱ្យកាន់តែរឹងមាំ។ ខ្ញុំក៏រំពឹងដែរថា អាចនឹងជួបជាមួយព្រះមហាក្សត្រប្រ៊ុយណេជាថ្មី នៅឯកិច្ចប្រជុំកំពូល ASEAN-ROK Commemorative Summit នៅខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រជាជនកូរ៉េពិតជាទន្ទឹមរងចាំឃើញព្រះអង្គ ជិះយន្ដហោះទៅកាន់ប្រទេសកូរ៉េខាងត្បូង»៕