(វ៉ាស៊ីនតោន)៖ ទីបំផុតក្រុមហ៊ុន Boeing បានចេញសេចក្តីសម្រេចជាផ្លូវការហើយ ដោយ​ក្នុងនោះ​យន្តហោះប្រភេទ 737 MAX ទាំងអស់​ដែល​កំពុងស្ថិតក្នុងការផលិតនឹង​ត្រូវ​បន្ត​ទៅមុខដដែល ប៉ុន្តែពួកវា​នឹងត្រូវពន្យារពេលក្នុងការបញ្ជូនទៅកាន់អថិជននានា បន្ទាប់​ពីអាកាសចរណ៍​ទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិក បានសម្រេចបញ្ឈរជើង​យន្តហោះប្រភេទនេះដែលពួកគេមាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍របស់ Boeing ត្រូវបានចេញផ្សាយ​នៅប៉ុន្មានម៉ោងមុននេះថា «ក្រុម​ហ៊ុន Boeing បានសម្រេចផ្អាកការបញ្ជូនយន្តហោះត្រកូល 737 MAX ទីកាន់អថិជន ក្រោយ​ពីមានការបញ្ឈរជើង​យន្តហោះប្រភេទនេះជាបណ្តោះអាសន្ន...។ យើង​តែនៅតែបន្ត​ផលិតយន្តហោះ 737 MAX នេះដដែល ស្របពេលនៃការ​ពិនិត្យមើលស្ថានការណ៍​ជាក់ស្តែង ចំពោះបញ្ហា​នានា ដែលអាចប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់យើង...»

គួរបញ្ជាក់ថា ការចាត់វិធានការ​ដំបូងពីសំណាក់​ក្រុមហ៊ុន Boeing នេះបានកើតមាន​ឡើង​ក្រោយពី​រដ្ឋបាលសហព័ន្ធអាកាសចរណ៍​អាមេរិក​កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) បានសម្រេច​ឲ្យ​មាន​ការ​ផ្អាកប្រតិបត្តិការ​​យន្តហោះ​ប្រភេទ Boeing 737 MAX នៅ​​សហរដ្ឋអាមេរិក ក្រោយពី​​អាកាសចរណ៍​ជាច្រើន​នៅទូទាំងពិភពលោក ដែល​មាន​បម្រើ​​យន្តហោះប្រភេទ​នេះ បានសម្រេច​ធ្វើ​បែបនេះស្ទើរ​ទាំងអស់ទៅហើយនោះ។

ការធ្លាក់​​​យន្តហោះ Boeing 737 MAX ចំនួនពីរគ្រឿងនៅ​ឥណ្ឌូណេស៊ី និង​អេត្យូពី​ដែលរំលង​​ពីគ្នាតែជាង​៥ខែនេះ​ បានបណ្តាល​ឲ្យមនុស្ស​សរុប ៣៤៦នាក់​បាត់បង់​ជីវិត ខណៈការ​សន្និដ្ឋានបឋម​បានឲ្យ​ដឹង​ថា យន្តហោះទាំងពីរ​គ្រឿង​នេះអាចបានជួប​បញ្ហាស្រដៀងគ្នា នោះគឺទៅលើ​ប្រព័ន្ធ​ចង្អុល​ទិស​​ស្វ័យប្រវត្តិ ខណៈប្រអប់ខ្មៅ​ទាំងពីរ​របស់យន្តហោះ​អេត្យូពី ដែលបានធ្លាក់​កាលពីអាទិត្យ​​សប្តាហ៍​មុននេះ ត្រូវបាន​រកឃើញ និងបញ្ជូន​ទៅ​ទីក្រុងប៉ារីស​ប្រទេសបារាំង​ហើយ ដើម្បីធ្វើការស៊ើប​អង្កេតរកមូលហេតុ​ពិត​នៃការ​ធ្លាក់៕