(ការ៉ាកាស់)៖ ស្ថានភាព​នៅក្នុងប្រទេស​វេណេស៊ុយអេឡា ហាក់ដូចជា​ត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញហើយ បន្ទាប់ពីបញ្ហា ដាច់ចរន្តអគ្គិសនី​ត្រូវបាន​ដោះស្រាយ។ តែនៅឡើយ​វិបត្តិនយោបាយវិញ​ នៅមិនទាន់មានភាពធូរស្រាលទាល់​តែ​សោះ ហើយមានតែសញ្ញាទៅរកភាព​ធ្ងន់ធ្ងរខ្លាំងឡើងៗ​ប៉ុណ្ណោះ។ នេះ​បើតាម ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

ការផ្គត់ផ្គង់អគ្គិសនី​បានចាប់ផ្ដើមដំណើរការ​ជាថ្មីបណ្តើរៗ ពីចន្លោះ​ពីថ្ងៃអាទិត្យ និងថ្ងៃចន្ទដើម​សប្ដាហ៍នេះ រហូតពេញលេញតែម្តងនៅ​ថ្ងៃព្រហស្បតិ៍​នេះ (ពេល​វេលា​នៅ​វេណេស៊ុយអេឡា) រីឯរដ្ឋមន្ត្រី​ទំនាក់ទំនង​វេណេស៊ុយអេឡា​លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បាន​ប្រកាសកាលពី​ថ្ងៃពុធថា ប្រព័ន្ធអគ្គិសនី​ទំាងមូលទូទាំង​ប្រទេស​ត្រូវបាន ស្ដារឡើង​វិញ​ហើយ។ បន្ថែមពី​លើនេះ​រដ្ឋាភិបាល​ទីក្រុងការ៉ាកាស់​ក៏បានអនុញ្ញាតឱ្យ​វិស័យឯកជន និងរដ្ឋបើកទ្វារ​ដំណើរការ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ​ដែរ។

គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនី​នៅវេណេស៊ុយអេឡា ចាប់តាំងពីថ្ងៃទី៧​ ខែមីនា កន្លងទៅបាន​បង្កផលប៉ះពាល់​ដល់ការរស់​នៅរបស់ប្រជាជនជាង ៣០លាននាក់។ រីឯ លោក​ប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ ចោទថា​សហរដ្ឋអាមេរិកគឺជានៅពីក្រោយខ្នង ការដាច់​ចរន្តអគ្គិសនីនេះ តាមរយៈការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា មកលើ​ប្រព័ន្ធ​ផ្គត់ផ្គង់អគ្គិសនី​ស្ទើរទូទាំងប្រទេស៕