(វ៉ាស៊ីនតោន)៖ នាវាចម្បាំងអាមេរិក​មួយគ្រឿង ត្រូវ​បានឃាត់ឲ្យ​នៅលើផ្ទៃសមុទ្រអស់​រយៈពេលជាង ២ខែ ដោយសារតែ​​ការ​ឆ្លងរីករាលដែល​នៃវីរុសម៉្យាង អំឡុងពេល​ធ្វើប្រតិបត្តិការ​នៅតំបន់ឈូង​សមុទ្រ​ពែក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

យោធា​សហរដ្ឋអាមេរិកបាន​ឲ្យដឹងថា នាវិក និងទាហានចំនួន ២៥នាក់​នៅលើ​នាវាចម្បាំង យូអេសអេស ហ្វត ម៉ាកហិនរី (USS Fort HcHenry) ដែលមាន​​​ប្រភេទ វីដប៊ី អាយឡេន (Whidbey Island) បានឆ្លងជំងឺរលាកក្រពេញបញ្ចេញ​ទឹកមាត់ (Parotitis) តែមកទល់​ពេលនេះ ២៤នាក់​ក្នុងចំណោមនោះ បាន​វិល​​មកបំពេញ​កាតព្វកិច្ចជាធម្មតាវិញ​ហើយ ហើយការរីករាល​នៃវីរុសនេះ ពុំបានបង្កការ​គំរាមកំហែងដល់​អាយុជីវិត​ឡើយ។

គួរជម្រាបថា ករណីឆ្លងដំបូង​បង្អស់បានកើតឡើង​កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ គឺ១០ថ្ងៃ ក្រោយ​នាវាចម្បាំងនេះបានចេញធ្វើ​ប្រតិបត្តិការ​នៅតំបន់ឈូង​សមុទ្រពែក៕