(នូវែលសេឡង់)៖ ការបាញ់ប្រហារ​យ៉ាងសាហាវព្រៃផ្សៃនៅនូវែលសេឡង់ ត្រូវ​បាន​ប៉ូលិស​ប្រទេសដីកោះមួយនេះ​អះអាងថា បានរៀបចំផែនការ​ទុកជាមុនយ៉ាង​ល្អិតល្អន់បំផុត ដោយបាន​សម្លាប់​មនុស្ស ៤៩នាក់ និងរបួសជាង ៤០នាក់ នៅក្នុងវិហារអ៊ីស្លាម​ចំនួនពីរកន្លែង​​ផ្សេងទៀត នៅក្នុងទីក្រុង​ក្រៃស៍ឆឺត នាថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ នេះតែម្តង។

ជនសង្ស័យឈ្មោះ Brenton Harrison Tarrant មានអាយុ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលី បានបង្ហាញខ្លួនក្នុងតុលាការមួយនៃ ទីក្រុង Christchurch ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនវិញ ដោយមិនមានការតវ៉ាអ្វីទាំងអស់ រហូតដល់ការបង្ហាញខ្លួនក្នុង សវនាការលើកក្រោយនៅឯតុលាការជាន់ខ្ពស់នៃទីក្រុង Christchurch នៅថ្ងៃទី០៥ ខែមេសាខាងមុខ។ ប៉ុន្តែជនសង្ស័យរូប នេះត្រូវបានគេរំពឹងថានឹងរងការចោទប្រកាន់បន្ថែម ហើយបើតាមប៉ូលិសនូវែលសេឡង់ គេនៅតែមិនទាន់ដឹងច្បាស់ថាមាន មនុស្សប៉ុន្មាននាក់បានចូលរួមក្នុងសកម្មភាពបាញ់ប្រហារកាលពីថ្ងៃសុក្រនៅឡើយទេ ខណៈមនុស្ស២នាក់ទៀតកំពុងជាប់ឃុំ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានចាត់ទុកថាការបាញ់ប្រហារនៅឯវិហារអ៊ីស្លាម Al Noor និង Linwood ក្នុងទីក្រុង Christchurch គឺជាទង្វើភេរវកម្ម ហើយក៏បានសន្យាដែរថារដ្ឋាភិបាលរបស់លោកស្រី នឹងផ្លាស់ប្ដូរច្បាប់គ្រប់គ្រងកាំភ្លើងឡើងវិញ៕