(វ៉ាស៊ីនតោន)៖ នៅក្នុងយុទ្ធនាការ​គំរាមកំហែងអ្នកដទៃ​ កុំឱ្យស៊ើបអង្កេត​លើបទឧក្រិដ្ឋ​សង្រ្គាមប្រឆាំង​អាមេរិក និងអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា នរណាក៏ដោយឱ្យតែចូលរួមក្នុងការស៊ើប​អង្កេតនេះ នឹងត្រូវ​ដកហូតទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក ហើយអាចនឹងត្រូវប្រឈមមុខ​នឹងការដាក់​ទណ្ឌកម្ម​នានា។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន RT នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

ការលើកឡើង​ខាងលើរបស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅ​ក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញ​ផ្សាយនៅក្នុងសហ្ដហ៍នេះ និងនៅ ​ចំពេល​ដែលតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កំពុងប្រមូល​សំណើបើកការស៊ើបអង្កេត​ លើបទឧក្រិដ្ឋ​សង្រ្គាមប្រព្រឹត្ត​ឡើង ដោយ​សហរដ្ឋអាមេរិក​នៅក្នុងជម្លោះនៅអាហ្វហ្កានីស្ថាន​ជិត ២០ឆ្នាំមកនេះ ដែលផ្ដាច់ជីវិត​មនុស្សជាង ១០០,០០០នាក់។

រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Pompeo បានគូស​បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបាន​ប្ដេជ្ញាចិត្តការពារ​យោធាអាមេរិក និងសម្ព័ន្ធមិត្ត​ រួមទាំងបុគ្គលស៊ីវិល​ពីការរស់នៅក្រោម​ការភ័យខ្លាច ដោយសារតែ​ការធ្វើទុក្ខបុកម្នេញ​ដោយ​អយុត្តិធម៌ ដោយ​គ្រាន់តែ​ពួកគេធ្វើ​សកម្មភាព​ការពារប្រជាជាតិ​ដ៏អស្ចារ្យ​របស់យើង... ដូច្នេះយើងនឹង​ចាត់វិធានការ​ចាំបាច់នានា ក្នុងនោះរួមមាន​ទាំងការដកហូត​ទិដ្ឋាការ និងដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បើសិនជា ICC មិនព្រម​បោះបង់ចោលការ​ស៊ើបអង្កេតទេ​នោះ»។

គួរជម្រាបថា កាលពីចុង​ឆ្នាំ២០១៨ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) ក៏បានព្រមដាក់​ទណ្ឌកម្មប្រឆាំងនឹង ចៅក្រម​តុលាការ ICC ផងដែរ​ជាមួយ​ការអះអាងថា នឹងចាត់វិធានការ​ចាំបាច់នានាដើម្បីការពារ​ផលប្រយោជន៍របស់​ខ្លួន និង​អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរឹងមាំបំផុតនៅតំបន់​មជ្ឈិមបូព៌ា៕