(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្រឹទ្ធសភាហ្វីលីពីននឹងបើកការស៊ើបអង្កេតមួយលើវិបត្តិខ្វះទឹកប្រើប្រាស់នៅតាមតំបន់ជាច្រើននៃរដ្ឋធានីម៉ានីល ខណៈវាកំពុងរាលដាលដល់សង្កាត់ពាណិជ្ជកម្មក្នុងទីក្រុង Makati រីឯប្រជាជនជាង៦.៨លាននាក់រងផលប៉ះពាល់ដោយសារ វិបត្តិមួយនេះ៕

២៖ យោធាអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះ​បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធ​ច្រើនជាង ៥១នាក់​ត្រូវបានសម្លាប់ និងជាច្រើន នាក់​រងរបួស នៅក្នុង​ស្រុក បាឡា មើហ្គាប់ (Bala Murghab) ខេត្ត​បាដហ្គីស (Badghis) នៃភាគខាងលិចប្រទេសអាហ្វហ្គានី ស្ថាន​ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕

៣៖ ​ជនសង្ស័យដ៏សំខាន់ម្នាក់នៅក្នុងការបាញ់ប្រហារសម្លាប់មនុស្ស៤៩នាក់ និងរបួសច្រើនជាង៤០នាក់ នៅឯវិហារអ៊ីស្លាម ចំនួន២ ក្នុងប្រទេសនូវែលសេឡង់ ត្រូវបានចោទប្រកាន់ពីបទមនុស្សមនុស្សឃាត អំឡុងពេលបង្ហាញខ្លួននៅចំពោះមុខ តុលាការនៅថ្ងៃសៅរ៍នេះ៕

៤៖ ​ពីឡុតអាមេរិក​ដ៏ល្បីឈ្មោះម្នាក់ឈ្មោះ ឆេស្លេយ ស៊ូលឡេងប៊ឺហ្គឺ (Chesley B. Sullenberger) បានរិះគន់យ៉ាងខ្លាំងថា ក្រុមហ៊ុនផលិត​យន្ដហោះ Boeing គ្មានសមត្ថភាព​ដោះស្រាយកំហុស​របស់ខ្លួន ពាក់ព័ន្ធនឹង​យន្ដហោះ​ត្រកូល Boeing 737 MAX ហើយថា ពីឡុតបញ្ជា​យន្ដហោះ​ដែលធ្លាក់នៅអេត្យូពី​ គឺបានខ្វះខាត​ការបណ្ដុះបណ្ដាលជំនាញ​ជាទី​បំផុត៕

៥៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានប្រើសិទ្ធិវេតូប្រឆាំង​នឹង​ដំណោះស្រាយ​ដែលរាំង​ខ្ទប់ការ​ប្រកាសអាសន្ន​ផ្នែកសន្តិសុខ​នៅឯតំបន់​ព្រំដែន ដែលនេះ​គឺជា​ការសម្រេចចិត្តលើក​ដំបូងបំផុត ក្នុងអាណត្តិរបស់​លោក៕

៦៖ ការសិក្សាស្រាវជ្រាវ​រួមគ្នាមួយ​របស់ក្រុមអ្នកវិទ្យាសាស្ត្រ​ចិន និងសហរដ្ឋអាមេរិក បានរក​ឃើញថា រយៈពេល ៣០ឆ្នាំចុងក្រោយនេះ គឺជា​ពេល​ដែល​​​​អាកាសធាតុក្ដៅ​បំផុត បើគិតក្នុងអំឡុង​ពេល ២,០០០ឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពល​នៃឧស្ម័នផ្ទះ​កញ្ចក់ ដែលបង្កឡើង​​​​ពី​សកម្មភាពមនុស្ស​បន្តិចម្តងៗ៕