(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) បាន​ប្រកាស​ពីការបើកសមយុទ្ធយោធាដំណាក់កាលទីពីរ បន្ទាប់ពីមានបញ្ហាដាច់ចរន្តអគ្គិសនីស្ទើរតែទូទាំងផ្ទៃប្រទេសអស់ជាងមួយសប្តាហ៍​មក។ នេះបើ​​តាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងសារដែលបង្ហោះនៅលើបណ្តាញសង្គម Twitter លោក ម៉ាឌូរ៉ូ បានលើកឡើងថា សមយុទ្ធយោធា Ana Karina Rote បានចាប់ផ្តើម​ប្រព្រឹត្តទៅហើយ ដើម្បីការពារបណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិ ហើយលោកនឹងពុំអនុញ្ញាតឲ្យ​សត្រូវណា មកលួចយកសន្តិភាពរបស់ប្រជា​ជន​វេណេស៊ុយអេឡាដ៏អង់អាច​បានទៀតឡើយ។ រីឯនៅថ្ងៃសុក្រ លោក ម៉ាឌូរ៉ូ ក៏បានប្រកាសពីការបង្កើតក្រុមថ្មីមួយ នៅក្នុងកងកម្លាំងប្រដាប់​អាវុធ ដែលមានតួនាទីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសផងដែរ។

គួរជម្រាបថា ដំណាក់កាលទីមួយនៃសមយុទ្ធយោធាទ្រង់ទ្រាយធំ​នៅប្រទេសវេណេស៊ុយអេឡា ដែលមានឈ្មោះថា Angostura ត្រូវបាន​ធ្វើ​ឡើងកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ចំណែកលើកនេះវិញ ការហ្វឹកហាត់គឺផ្តោតសំខាន់ទៅលើ​កិច្ចការពារ​បណ្តាញផ្គត់ផ្គង់អគ្គិសនី​ជាតិ​ ក្រោយ​មានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដែលបាន​កើត​ឡើងកាលពីសប្តាហ៍មុន និងទើបតែវិលទៅរកសភាព​ធម្មតា​វិញ​នាពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះតែប៉ុណ្ណោះ ដោយលោក ម៉ាឌ៉ូផ្ទាល់ បានចោទថា វាគឺជាស្នាដៃរបស់សហដ្ឋអាមេរិក៕