(ហ្សាការតា)៖ សាកសពមនុស្សដែលត្រូវបានរកឃើញ ក្រោយការវាយលុកពីទឹកជំនន់នៅ​ខេត្ត Papua ភាគខាងកើត​ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ បានកើនដល់៦៣នាក់ ខណៈ​ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅដដែល ដោយសារនៅ​មានមនុស្សមួយចំនួនទៀតបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ ក្រៅពីផ្តាច់ជីវិតមនុស្ស បាន​បង្ក​ការ​បំផ្លិចបំផ្លាញដល់សំណង់អគារ ផ្ទះសម្បែរ ស្ពាន និងប្រព័ន្ធរចនាសម្ព័ន្ធឯទៀតៗ ជាមួយគ្នានេះ មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះ ​ក៏​ប៉ុន្តែមានអ្នករងរបួសដល់ទៅ៥៩នាក់ ដោយក្នុងនោះ​២១នាក់របួសធ្ងន់។

គួរជម្រាបថា គ្រោះទឹកជំនន់ខាងលើបានកើតឡើងកាលពីវេលាម៉ោង០៦៖០០នាទីយប់ថ្ងៃសៅរ៍ (ម៉ោងនៅឥណ្ឌូណេស៊ី) និងបានបង្ខំឲ្យ​​អ្នក​​រស់នៅក្នុងតំបន់ Sentani ប្រមាណ៣,០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដើម្បីទៅរកទីកន្លែងសុវត្ថិភាព។ គ្រោះ​រអិល​បាក់​និងទឹកជំនន់ តែងតែកើតមានឡើងជារឿយៗ​ នៅក្នុងប្រទេសឥណ្ឌូណស៊ី ជាពិសេសក្នុងអំឡុងរដូវធ្លាក់ភ្លៀង ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែ​កក្កដា​និងមេសា៕