(វែលីងតោន)៖ ប៉ូលិសនូវែសេឡង់បានឲ្យដឹងថា មនុស្ស០៣នាក់ក្នុងចំណោម០៤នាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួន ក្រោយផ្ទុះករណីបាញ់​រះ​យ៉ាងកក្រើកនៅព្រះវិហារអ៊ីស្លាម០២កន្លែង ក្នុងទីក្រុង Christchurch គឺពុំមានទំនាក់ទំនងក្នុងសកម្មភាពវាយប្រហារដ៏ប្រល័យ ដែល​​បាន​​ផ្តាច់ជិវិតមនុស្សរហូតដល់ទៅ៥០នាក់​ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។

ការបញ្ជាក់ខាងលើត្រូវបានធ្វើឡើងដោយ​ស្នងការប៉ូលិសនូវែលសេឡង់ លោក Mike Bush នាថ្ងៃអាទិត្យ។ បើតាម លោក Bush បន្ទាប់ពី​​ការវាយប្រហារបានកើតឡើងភ្លាម ប៉ូលិសនូវែលសេឡង់បានឃាត់ខ្លួនមនុស្សប្រុស-ស្រីមួយគូ ក្រោយរកឃើញមានអាវុធនៅក្នុងរថយន្ត​របស់ពួកគេ ដោយស្រ្តីម្នាក់នោះត្រូវបានដោះលែងហើយ ប៉ុន្តែជនជាបុរសវិញ បានត្រូវ​បាន​ចោទប្រកាន់ពី​ការប្រព្រឹត្តទង្វើខុសច្បាប់ពាក់ព័ន្ធ​ជាមួយគ្រឿងអាវុធ។ ចំណែកឯបុរសម្នាក់ ដែលត្រូវបានឃាត់ខ្លួនផងដែរនោះ បានត្រូវបានចោទ​ប្រកាន់ពីបទ​ញុះញង់ឲ្យ​មានការ​រើងអើស​ពូជសាសន៍។

គួរជម្រាបថា ការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅនៅព្រះវិហារអ៊ីស្លាម០២កន្លែង បានធ្វើឲ្យ​កក្រើកទីក្រុង Chrustchurch ដែលស្ថិតនៅ​បណ្តោយឆ្នេរភាគខាងកើត​ប្រទេសនូវែលសេឡង់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយក្នុងហេតុការណ៍នោះមនុស្សចំនួន៥០នាក់បានស្លាប់ (បន្ទាប់ពីសាកសពមនុស្សម្នាក់ទៀត ត្រូវបានរកឃើញនៅក្នុងព្រះវិហារកើតហេតុ) និងជាច្រើននាក់រងរបួស។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បានហៅសកម្មភាពបាញ់ប្រហារ​សម្លាប់មនុស្សយ៉ាងរង្គាល ដោយឥតញញើតដៃ​នេះថាជាអំពើភេរវកម្ម និងថាវាគឺជាថ្ងៃងងឹតសូន្យសុងបំផុតសម្រាប់ប្រទេសលោកស្រី។ ក្រោយផ្ទុះករណីនេះ ប៉ូលិសនូវែលសេឡង់​បាន​ចាប់ខ្លួនមនុស្ស០៤នាក់ភ្លាមៗ ក្នុងនោះមានទាំងជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Brenton Harrison Tarrant មានវ័យ២៨ឆ្នាំ ជាជនជាតិ​អូស្រ្តាលី ដែលត្រូវបានតុលាការនូវែលសេឡង់ចោទប្រកាន់ពីបទមនុស្សឃាត៕