(បាងកក)៖ គណបក្សគំាទ្រយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat) របស់លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថាខ្លួននឹងព្យាយាមបង្កើតរដ្ឋាភិបាល តាមរយៈការចរចាជាមួយបណ្ដាគណបក្សដទៃ ដែលមានគំនិតនយោបាយ និងគោលជំហរចង់ឱ្យប្រទេសជាតិរីកចំរើនទៅមុខដូចគ្នា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។
ការប្រកាសបែបនេះរបស់គណបក្ស ផាឡាង ប្រាឆារ៉ាត់ ធ្វើឡើងដោយផ្អែកលើសំឡេងឆ្នោត ដែលខ្លួនទទួលបានពីប្រជាជន ឬ popular vote ចំនួន ៧.៩លានសំឡេង ខណៈគណបក្សភឿថៃទទួលបាន ៧,៤លានសំឡេងប៉ុណ្ណោះ ទោះបីជាបក្សគាំទ្រលោក ថាក់ស៊ី នេះបានទទួលអាសនៈច្រើនជាងក៏ដោយ។
ដោយឡែក បើតាមលទ្ធផលឆ្នោតបឋមរាប់បាន ៩៣ភាគរយ គណបក្សភឿថៃទទួលបានអសនៈសភា ១៣៥ រីឯគណបក្សផាឡាង ប្រាឆារ៉ាត់ ទទួលបាន ១១៩អសនៈ។ លទ្ធផលនេះបានមកពីការបូកបញ្ចូលគ្នា នៃចំនួនអសនៈ ៣៥០ តាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល និង ១៥០អាសនៈទៀត ឬ (party-list) ដែលត្រូវ បោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ គិតទៅតាមបញ្ជីបេក្ខជនរបស់គណបក្ស នយោបាយនៅក្នុងក្របខ័ណ្ឌជាតិ។ ក៏ប៉ុន្តែចំនួនអាសនៈ ១៥០នេះ អាចនឹងត្រូវពន្យារពេលប្រកាសជាច្រើនថ្ងៃ។
គួរបញ្ជាក់ថា គណៈកម្មការបោះឆ្នោតជាតិថៃ នៅថ្ងៃចន្ទនេះបានធ្វើការពន្យារពេលជាថ្មី ដោយការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ចំណែកឯ គណបក្សភឿថៃបានប្រកាសថា ខ្លួនជាអ្នកទទួលបានជោគជ័យ ដោយទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភា និងត្រៀមរៀបចំបង្កើតរដ្ឋាភិបាលចំរុះ ជាមួយគណបក្សនានា ដែលមានគោលដៅនយោបាយដូចខ្លួន៕