(ប៉ារីស)៖ ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus ដែលជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុន Boeing ដែលនាពេលថ្មីៗនេះ កំពុង​ទទួល​រងសម្ពាធធ្ងន់ដោយសារករណីធ្លាក់យន្តហោះ Boeing 737 MAX 8 បានចុះកិច្ចព្រមព្រៀងមួយទំហំប្រមាណ៣៤ពាន់លានដុល្លារ ដើម្បីលក់យន្តហោះ៣០០គ្រឿង​ទៅឲ្យ​ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

ការចុះកិច្ចព្រមព្រៀងខាងលើរវាង​ Airbus និងក្រុមហ៊ុនរដ្ឋចិនទទួលបន្ទុកខាងទិញយន្តហោះ China Aviation Supplies Holding Company ត្រូវបានធ្វើឡើងនាថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅ​​​ប្រទេសបារាំង ហើយយន្តហោះដែល Airbus នឹងត្រូវប្រគល់ឲ្យ​ទីក្រុងប៉េកាំង រួមមានធុន A320 ២៩០គ្រឿង និង​ធុន A350 ចំនួន​១០គ្រឿង។ បើតាមក្រុមមន្រ្តីរដ្ឋាភិបាលបារាំង កិច្ចព្រមព្រៀងនេះមានទំហំ​៣៣.៩ពាន់លានដុល្លារ ប៉ុន្តែអាចមានការបញ្ចុះ​តម្លៃ​ថែមទៀតពី Airbus។

គួរជម្រាបថា ការបញ្ជាទិញយន្តហោះខាងលើ មានទំហំស្មើគ្នានឹងការបញ្ជាទិញយន្តហោះ​របស់ Boeing ចំនួន៣០០គ្រឿងកាលពី​ឆ្នាំ​២០១៧ នៅពេល​ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ប៉េកាំង ប៉ុន្តែចាប់តាំងពីពេលនោះ​មកពុំមានការបញ្ជាទិញធំដុំអ្វីទៀតឡើយពីចិន ដោយសារតែភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ម៉្យាងវិញទៀត ដំណឹង​ដ៏ល្អសម្រាប់​ក្រុមហ៊ុន Airbus នេះទៀតសោត បានកើតឡើង ចំពេល​ប្រភេទយន្តហោះ​ដែល​លក់​ដាច់​បំផុត​របស់ Boeing គឺ 737 MAX 8 ត្រូវបានបញ្ឈរជើងចោលជុំវិញពិភពលោក ហើយ​ថែមទាំងមានការផ្អាកទទួលយកយន្តហោះនេះ រួមនិងការ​លុប​ចោល​ការ​​បញ្ជា​ទិញមួយចំនួនទៀតផង ដោយសារករណីធ្លាក់យន្តហោះ Boeing 737 MAX 8 នៅ​អេត្យូពី​និង​នៅ​​​ឥណ្ឌូណេស៊ី។ ភ្លាមៗក្រោយការធ្លាក់នៅអេត្យូពី ចិនគឺជាប្រទេសដំបូងគេ ដែលបានបង្គាប់ឲ្យអាកាសចរណ៍ប្រទេសខ្លួនបញ្ឈរជើង​យន្តហោះស៊េរីថ្មីនេះ៕