(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងចេញទៅបំពេញទស្សនកិច្ចនៅតំបន់អាមេរិកឡាទីន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អូតាហ្គឹស (Morgan Ortagus) បានប្រកាសឲ្យដឹងថា លោក Pompeo ចំណាយពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែមេសានេះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសឈីលី ប៉ារ៉ាហ្គាយ ប៉េរូ និង កូឡុំប៊ី ដើម្បីធ្វើឲ្យភាពជាដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ឲ្យកាន់តែមានភាពស៊ីជម្រៅ និងសំដៅប្រមូលផ្តុំការគាំទ្រ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសវេណេស៊ុយអេឡា។
គួរជម្រាបថា សហរដ្ឋអាមេរិកបាននិងកំពុងប្រើប្រាស់គោលនយោបាយ ដាក់សម្ពាធសេដ្ឋកិច្ច និងការទូតប្រឆាំងនឹងរដ្ឋាភិបាល វេណេស៊ុយអេឡា ដើម្បីគាំទ្រមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បាន ទទួលស្គាល់ជាប្រធានាធិបតីស្តីទី នៃប្រទេសអាមេរិកឡាទីនមួយនេះ។ ជាការឆ្លើយតបនឹងទង្វើរបស់អាមេរិក រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក៏បានសម្រេចកាត់ផ្តាច់ចំណតការទូត និងនយោបាយជាមួយសហរដ្ឋអាមេរិក៕