(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែទទួលបានបញ្ជីឈ្មោះនៃគោលដៅ សំខាន់ៗ ដែលនឹងអាចជួយសម្រួលបេសកកម្មរបស់វាឲ្យកាន់តែមានភាពងាយស្រួល៕

២៖ ឥណ្ឌាបានសម្រេចកាត់បន្ថយបរិមាណប្រេងដែលនាំចូលពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនមានគោលបំណងបោះបង់ ចោលការទិញទាំងស្រុងតែម្តងឡើយ៕

៣៖ អ៊ីរ៉ង់បានថ្កោលទោសទង្វើរបស់អាមេរិក ដែលបានចាត់បញ្ចូលកងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ IRGC ជាអង្គការភេរវកម្ម ដោយវាគឺជាការជួយមួយផ្សេងទៅដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងតែព្យាយាមទៅរកការជាប់ឆ្នោតសម្រាប់អាណត្តិទី ៥ ហើយទីក្រុងតេហេរ៉ង់ក៏បានហៅ សហរដ្ឋអាមេរិកថា ជាមេភេរវករនៅលើពិភពលោកផងដែរ៕

៤៖ សហរដ្ឋអាមេរិកកំពុងតែចាត់វិធានការដំឡើងពន្ធទៅលើទំនិញនាំចូលពីសហភាពអឺរ៉ុប (EU) ដើម្បីជាការ ឆ្លើយតបចំពោះការដែល EU បន្តផ្តល់មូលធនឧបត្ថម្ភដល់ ក្រុមហ៊ុនផលិតយន្តហោះរបស់ប្រទេសបារាំង Airbus ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា បានជះផលប៉ះពាល់បែបអវិជ្ជមានដល់សហរដ្ឋអាមេរិក និងមិនត្រូវតាមច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោក WTO៕

៥៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់នាថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចរារាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលតម្រូវឲ្យជនស្វែងរកសិទ្ធិជ្រកកោន ឲ្យវិលត្រឡប់ទៅកាន់ប្រទេសម៉ិចស៊ីកូវិញ ដើម្បីរង់ចាំលទ្ធផល៕

៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាបានបណ្ដេញនាយកសេវាកម្មស៊ើបការណ៍ សំងាត់ លោក រ៉េនដូល អាល់ឡេស (Randolph Alles) ចេញពីតំណែងហើយតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី រដ្ឋមន្ត្រីសន្តិសុខមាតុភូមិលាលែងចេញពីតំណែង៕