(តែលអាវីវ)៖ យានអវកាសមួយគ្រឿងដែលអ៊ីស្រាអែល បានខិតខំបាញ់បញ្ជូនចេញពី ភពផែនដី ឲ្យធ្វើដំណើរផ្សងព្រេងទៅកាន់ឋានព្រះច័ន្ទនោះ ទីបំផុតបានទទួលបរាជ័យក្នុងពេល ព្យាយាមចុះចត ដោយវាបានធ្លាក់ទៅបុកនឹងផ្ទៃព្រះច័ន្ទ ព្រោះតែម៉ាស៊ីនគាំងដំណើរការ ក្នុងពេលវេលាដ៏សំខាន់នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។

ជុំវិញដំណឹងគួរឲ្យសោកស្តាយនេះ ប្រធានាធិបតីអ៊ីស្រាអែល លោក រើវែន រីវលីន (Reuven Rivlin) បាននិយាយថា ប្រជាជាតិអ៊ីស្រាអែលទាំងមូលមានការខកចិត្តជាខ្លាំង ប៉ុន្តែលោកដឹងច្បាស់ណាស់ថា ការនាំយកយានអវកាសឲ្យចុះទៅដល់ឋានព្រះច័ន្ទ គឺត្រូវការធនធានច្រើន។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានគូសបញ្ជាក់ថា ប្រទេសរបស់លោកនឹង ព្យាយាមម្តងទៀត ហើយអាចនឹងទទួលជោគជ័យជាក់ជាមិនខាន ក្នុងពេលពីរទៅបីឆ្នាំខាងមុខ។

គួរជម្រាបថា បើបេសកកម្មកាលពីថ្ងៃព្រហស្បតិ៍ របស់យានអវកាស Beresheet ទទួលបានជោគជ័យវិញនោះ អ៊ីស្រាអែលតាមពិតត្រូវបានជាប់ឈ្មោះជាប្រទេសទី ៤ ដែលបានចុះទៅដល់ផ្ទៃព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។ ទោះជាបែបនេះក្តី អ៊ីស្រាអែលនៅតែក្លាយជាប្រទេសទី ៧ ដែលបានទៅដល់គន្លងរបស់ព្រះច័ន្ទ។ មួយវិញទៀត បើប្រៀបធៀបជាមួយប្រទេសបីទៀត ដែលបានចុះទៅដល់លើផ្ទៃព្រះច័ន្ទជាច្រើនលើកវិញនោះ គម្រោងដែលចំណាយអស់ត្រឹម ១០០លានដុល្លាររបស់អ៊ីស្រាអែល គឺអាចចាត់ទុកថា ជាគម្រោងដែលមានតម្លៃទាប ហើយក៏អាចមកពីកត្តានេះផងដែរ ដែលបេសកកម្មខាងលើបានទទួលបរាជ័យ៕