(ហាណូយ)៖ គ្រោះអគ្គីភ័យបានឆាបឆេះរោងជាងចំនួន០៤កន្លែង នៅឯទីក្រុងហាណូយនាព្រឹកថ្ងៃសុក្រនេះ ដែលបណ្តាលឲ្យមនុស្ស០៨នាក់បាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។
រោងជាងទាំង ០៤ខាងលើ រួមមានកន្លែងផលិតវត្ថុប្លាស្ទិកសម្រាប់ផ្ទុកសំរាម និងកាកសំណល់ កន្លែងជួសជុលទូរទឹកកក និងម៉ាស៊ីន ត្រជាក់កន្លែងផលិតផលិតផលឈើ ព្រមទាំងកន្លែងផលិតផលិតផលជែល ស៊ីលីកា (Silica) ទំហំផ្ទៃដីនៃទីតាំងទាំងនេះ គឺសរុបមកប្រហែល ១,០០០ម៉ែត្រក្រឡា នៅក្នុងសង្កាត់ ណាមទូលៀម (Nam Tu Liem)។ គ្រោះអគ្គីភ័យធំនេះត្រូវបានគេពន្លត់នៅ ៤ម៉ោងក្រោយពេលវាកើតឡើង។
គួរជម្រាបថា ហេតុការណ៍ផ្ទុះផ្សេងៗនិងភ្លើងឆេះសរុបជិត ១,០០០ករណី បានកើតឡើងនៅប្រទេសវៀតណាម ក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៩នេះ ដែលបានបង្កឲ្យមនុស្ស ៣០នាក់ស្លាប់, របួស ៥៧នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ៦.៧លានដុល្លារ៕