(ប៉ារីស)៖ យោងតាមស្ថានទូតបារាំងប្រចាំអេស្តូនី ពលទាហានបារាំងសរុបចំនួន៣០០នាក់ ត្រូវគេរំពឹងថានឹងទៅដល់ក្រុង Tapa របស់ប្រទេសអេស្តូនី ដែលស្ថិតនៅចម្ងាយត្រឹម១៤០គីឡូម៉ែត្រពីព្រំប្រទល់នៃប្រទេសរុស្ស៊ី នាសប្តាហ៍ក្រោយនេះ ហើយរថក្រោះ និងរថពាសដែកជាច្រើនគ្រឿង ក៏នឹងត្រូវដាក់ពង្រាយនៅទីនោះផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

កងទ័ពបារាំងនឹងស្ថិតនៅក្នុងទឹកដីនៃប្រទេសអេស្តូនីរហូតដល់ចុងខែសីហា ក្រោមក្របខណ្ឌនៃបេសកកម្ម FRA-EFP PYNX ដែលមានគោលដៅបង្កើនវត្តមានអង្គការ NATO នៅតាមប្រទេសតំបន់បាល់ទិចនិងនៅប៉ូឡូញ ហើយទីក្រុងប៉ារីសនឹងបញ្ចូនរថក្រោះ Leclerc ចំនួន០៥គ្រឿង រួមជាមួយរថពាសដែក២០គ្រឿង តាមផ្លូវដែកទៅកាន់អេស្តូនីថែមទៀតផង។

យ៉ាងណាមិញ វាមិនមែនជាលើកទីមួយ ដែលកម្លាំងយោធាបារាំងមានវត្តមាននៅប្រទេសអេស្តូនី ដោយកាលពីឆ្នាំ២០១៧ កងទ័ពបារាំងបានស្ថិតនៅក្រុង Tapa របស់អេស្តូនីអស់រយៈពេល១០ខែ ហើយកាលពីឆ្នាំ២០១៨ ទ័ពអាកាសបារាំងក៏បានហោះល្បាត ដែនអាកាសអេស្តូនីផងដែរ នៅក្រោមក្របខណ្ឌនៃបេសកកម្មការពារសន្តិសុខតំបន់បាល់ទិច របស់អង្គការ NATO។

គួរជម្រាបថា ទាក់ទិននឹងការបង្កើនសកម្មភាពក៏ដូចជាវត្តមានរបស់ NATO នៅក្នុងតំបន់ក្បែរព្រំដែនប្រទេសខ្លួន ទីក្រុងម៉ូស្គូបានបង្ហាញការព្រួយបារម្ភជាច្រើនលើកមកហើយ ដោយថារុស្ស៊ីពុំបានបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ប៉ុន្តែក៏មិនបណ្តោយឲ្យសកម្មភាពអាចបង្កគ្រោះថ្នាក់នានាប្រព្រឹត្តទៅ ដោយពុំមានការឃ្លាំមើលនោះដែរ៕