(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអំពាវដល់សហគមន៍អន្តរជាតិ កុំផ្តល់សិទ្ធិអនុញ្ញាតឲ្យយន្តហោះរបស់ប្រទេសរុស្ស៊ីធ្វើការហោះ ហើរលើដែនអាកាសរបស់ពួកគេ ដើម្បីឆ្ពោះទៅកាន់វេណេស៊ុយអេឡាទៀត បន្ទាប់ពីប្រទេសដីកោះម៉ាល់តា ដែលស្ថិតនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ ទើបតែបានធ្វើបែបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គេន អូតាហ្គូស (Morgan Ortagus) បានសម្តែងការស្ងើចសរសើរ ចំពោះទង្វើរបស់រដ្ឋាភិបាលនៃប្រទេសម៉ាល់តា និងបានប្រកាសអំពាវនាវដល់បណ្តាប្រទេសឯទៀត ចូលរួមដើរតាមគំរូរបស់ម៉ាល់តា ដើម្បីបញ្ឈប់ក៏ដូចជាកាត់ផ្តាច់ជំនួយរបស់ទីក្រុងម៉ូស្គូ សម្រាប់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ។

គួរជម្រាបថា វត្តមានរបស់យន្តហោះយោធា និងកងទ័ពរុស្ស៊ីនៅវេណេស៊ុយអេឡា កាលពីខែមីនាកន្លងទៅ បានទទួលរងការរិះគន់ជាខ្លាំងពីសហរដ្ឋអាមេរិក ដែលបានចោទទីក្រុងម៉ូស្គូថា មានបំណងបង្កអស្ថិរភាពដល់ស្ថានការណ៍ នៅវេណេស៊ុយអេឡា ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិនយោបាយរវាងលោក ម៉ាឌូរ៉ូ និង មេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីអាមេរិក។ ដោយឡែកទាក់នឹងការចល័តយន្តហោះយោធា និងបញ្ជូនកងទ័ពនេះ រុស្ស៊ីបានអះអាងថា វាត្រូវបានធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងទ្វេភាគី ជាមួយរដ្ឋាភិបាលទីក្រុងការ៉ាកាស់៕