(សេអ៊ូល)៖ ក្រុមអ្នកជំនាញផ្នែកសព្វាវុធរបស់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានធ្វើការ​វិភាគ និងឯកភាពដូចគ្នាថា អាវុធយុទ្ធសាស្ត្រដែលកូរ៉េខាងជើងអះអាងថា ខ្លួនបានធ្វើតេស្តកាលពីថ្ងៃពុធ ដោយមានការបញ្ជាផ្ទាល់ពីលោក គីម ជុងអ៊ុន នោះមិនមែន​ជាប្រភេទមីស៊ីលផ្លោងអ្វីនោះឡើយ ដូច្នេះហើយវាមិនបានបង្កឲ្យមានប៉ះពាល់ដល់​ស្ថានការណ៍ជាយុទ្ធសាស្ត្រនៅឧបទ្វីបកូរ៉េនោះទេ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

កាលពីថ្ងៃពុធសប្តាហ៍នេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់នូវការធ្វើតេស្ត «អាវុធយុទ្ធសាស្ត្រនាំផ្លូវថ្មី» ក្រោយពីខ្លួនបានធ្វើការអភិវឌ្ឍដោយប្រើពេលរាប់ឆ្នាំ និងមានប្រសិទ្ធភាពខ្ពស់ខ្លាំងគួរឲ្យកត់សម្គាល់។ KCNA មិនបានបញ្ជាក់អ្វីច្រើននោះឡើយ គ្រាន់តែបានបង្ហើបថា វាជាប្រភេទមីស៊ីលដែលមានបំពាក់បច្ចេកវិទ្យានាំផ្លូវ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។

យ៉ាងណាក៏ដោយជុំវិញការអួតអាងខាងលើនេះ ក្រុមជំនាញយោធាកូរ៉េខាងត្បូង និងអាមេរិកបានធ្វើការពិនិត្យពីទិន្នន័យនានាដែលពួកគេទទួលបាន និងចេញលទ្ធផលរួមគ្នា​មួយយ៉ាងដូច្នេះថា «យើងមើលឃើញអាវុធនោះ ត្រឹមតែជាអាវុធដែលអាចកំណត់​គោលដៅ​វាយប្រហារ ដើម្បីធ្វើប្រតិបត្តិការវាយប្រហារ​ទីតាំងណាមួយនៅលើដីប៉ុណ្ណោះ ហើយវាមិនមែនជាមីស៊ីលផ្លោង-បាលីស្ទីកអ្វីនោះឡើយ...»

គួរបញ្ជាក់ថា ការសម្រេចយកលទ្ធផលវិភាគខាងលើនេះ គឺដោយសារតែប្រព័ន្ធចាប់​សញ្ញាបាញ់នៃមីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនបានអង្កេតឃើញ​សញ្ញា​ណាមួយមិនធម្មតា នៅថ្ងៃដែលកូរ៉េខាងជើងអះអាងថា ខ្លួនបានធ្វើតេស្តអាវុធថ្មី​នោះឡើយ។ ដូច្នេះសរុបជារួមមក អាវុធយុទ្ធសាស្ត្រដែលកូរ៉េខាងជើងបានអះអាងថា ទើបតែបាញ់តេស្តនោះ​មិនអាចបង្កអស្ថិរភាពនៅឧបទ្វីបកូរ៉េ ដ៏គួរឲ្យព្រួយបារម្ភនោះឡើយ៕