(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Takeshi Iwaya នាថ្ងៃសៅរ៍នេះបានប្រកាសថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងនៅតែបន្តធ្វើការទិញ យន្តហោះចម្បាំងអាមេរិក F-35 ដដែល បើទោះបីជាកន្លងទៅប៉ុន្មានសប្តាហ៍មុន F-35A មួយគ្រឿងបានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅភាគខាងជើងប្រទេសជប៉ុនក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩។

លោក Iwaya បាននិយាយដូច្នេះថា «ពួកយើងពុំមានចេតនាផ្លាស់ប្តូរ ផែនការសម្រាប់ការទិញនិងប្រើប្រាស់យន្តហោះចម្បាំង F-35A របស់អាមេរិកឡើយ»។ លោករដ្ឋមន្រ្តីការពារជាតិនៃប្រទេសជប៉ុន បានគូសបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ ការសន្យារដល់ទីក្រុងតូក្យូថា នឹងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងក្នុងការស៊ើបអង្កេតនៃហេតុការណ៍ធ្លាក់យន្តហោះ F-35A របស់ជប៉ុន តាមរយៈការបញ្ជូនកប៉ាល់ដែលនឹងធ្វើការរុករកក្រោមបាតសមុទ្រ ព្រមទាំងធ្វើប្រតិបត្តិការស្រោចស្រង់ខ្មោចយន្តហោះយកមកវិញ។

គួរជម្រាបថា យន្តហោះចម្បាំង F-35A មួយគ្រឿងរបស់ជប៉ុន បានធ្លាក់នៅលើមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី០៩ ខែមេសានេះ ខណៈវាគឺជាករណីដំបូងបំផុតនៃការធ្លាក់យន្តហោះ F-35 ស៊េរី A (F-35A) និងជាករណីធ្លាក់យន្តហោះត្រកូល F-35 គ្រឿងទីពីរ បន្ទាប់ពីយន្តហោះ F-35 ស៊េរី B (F-35B) មួយគ្រឿងរបស់កងម៉ារីនអាមេរិក បានធ្លាក់នៅរដ្ឋការ៉ូលីណាខាងត្បូង កាលពីចុងខែកញ្ញា ឆ្នាំ២០១៨។ ក្រោយករណីធ្លាក់ F-35A នោះ ជប៉ុនក៏បានសម្រេចផ្អាកការធ្វើប្រតិបត្តិការនៃយន្តហោះចម្បាំង F-35A ឯទៀតៗរបស់ខ្លួន ជាបណ្តោះអាសន្នសិនផងដែរ៕