(ស្រីលង្កា)៖ អាជ្ញាធរស្រីលង្កាបានចាប់ខ្លួនជនសង្ស័យ៧នាក់ ខណៈចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះបំបែក យ៉ាងកក្រើកក្នុងទីក្រុងទីក្រុង Colombo នៃប្រទេសស្រីលង្កាបានកើនដល់២០៧នាក់ និង៤៥០នាក់រងរបួស។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

ការវាយប្រហារបំផ្ទុះគ្រាប់បែកបានកើតឡើងនៅថ្ងៃអាទិត្យនេះ ចំពេលដែលមនុស្សម្នាជាច្រើននាំគ្នាចូលរួមពិធីបុណ្យ គ្រឹស្ដសាសនា Easter Sunday នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែង ផ្សេងទៀត ដូចជា Shangri-La, Cinnamon Grand និង Kingsbury ក្នុងទីក្រុង Colombo។ ប៉ុន្តែក្រោយក្នុងថ្ងៃ ដដែលក៏មានសេចក្ដីរាយការណ៍មានករណីផ្ទុះទី៧ និង៨កើតឡើងផងដែរនៅក្បែររដ្ឋធានីនៃប្រទេសស្រីលង្កា។

តែយ៉ាងណាក៏ដោយ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ រីឯអាជ្ញាធរ កំពុងដុតដៃដុតជើងក្នុងការរឹតបន្តឹងសន្តិសុខ និងស៊ើបអង្កេត៕