(ម៉ូស្គូ)៖ សារព័ត៌មាន ក្រាស្នាយ៉ា ស្វេសដា (Krasnaya Zvezda) បានឱ្យដឹងថា ក្រុមអ្នកអង្កេតការណ៍យោធារុស្ស៊ីមួយក្រុម នឹងដឹកនាំប្រតិបត្តិការ ហោះអង្កេតការណ៍ពីលើដែនដីអាមេរិកចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែមេសានេះ។ នេះបើតាមការស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

យោងតាម Krasnaya Zvezda ដោយផ្អែកលើការបញ្ជាក់ពីប្រធានមជ្ឈមណ្ឌលជាតិ សម្រាប់ការកាត់បន្ថយ ការគំរាមកំហែងនុយក្លេអ៊ែរ នៃក្រសួងការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ រីសកូវ (Sergei Ryzhkov) ជើងហោះហើរនៃយន្ដហោះរុស្ស៊ី TU-214ON នឹងត្រូវធ្វើឡើងស្របទៅតាមសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការបើកចំហផ្ទៃមេឃ។ យន្ដហោះនេះនឹងត្រូវចាកចេញពីអាកាសយានដ្ឋាន រ៉ូសេក្រេនស៍ មេម៉ូរ៉ាល់ (Rosecrans Memorial Airport) ក្នុងរដ្ឋ មីស្សួរី (Missouri) ជាមួយចំងាយផ្លូវហោះហើរសរុប ៤,៨០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បើតាមលោក Sergei Ryzhkov ប្រតិបត្តិការហោះហើរខាងលើ ត្រូវបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ហើយអ្នកជំនាញអាមេរិក ដែលស្ថិតនៅលើយន្ដហោះ TU-214ON នោះដែរ នឹងគ្រប់គ្រងលើការប្រើប្រាស់បរិក្ខាតាមដាន ឱ្យស្របទៅតាមសន្ធិសញ្ញាអន្តរជាតិ​ស្ដីពីការបើកចំហផ្ទៃមេឃ៕