(ប៉េកាំង)៖ តាមប្រភពពីសារព័ត៌មានស៊ីនហួរ ដែលត្រូវបានដកស្រង់នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសកម្ពុជាដែលទទួលបានការគាំទ្រយ៉ាងមុតមាំ ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិន បាន ទទួលនូវអត្ថប្រយោជន៍​នៅលើវិស័យជាច្រើន តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដ៏ទូលំទូលាយជាមួយប្រទេសចិន​នៅក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន និងពង្រឹងការងើបឡើងវិញ​នៃសេដ្ឋកិច្ច។ នេះបើយោងតាមប្រសាសន៍​របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងប្រាប់​សារព័ត៌មានស៊ីនហួរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រួសួងព័ត៌មានបានថ្លែងថា «សម្រាប់កម្ពុជា ដោយមានជំនួយពីជនជាតិចិន យើងអាចកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗបាន ហើយគម្រោងទាំងនោះមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យទំនាក់ទំនងជាមួយគ្នា កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស»

បើយោងតាមទិន្នន័យថ្មីៗនេះ ដែលស្ថានទូតចិនប្រចាំនៅកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមបានឱ្យដឹងថា ប្រទេសចិនបានកសាងផ្លូវហាយវ៉េ ចំនួន ៣១ខ្សែ និងស្ពានចំនួន ០៨ ឱ្យដល់កម្ពុជា ដែលសរុបផ្លូវហាយវ៉េមានប្រវែងរហូតដល់ទៅ ៣,០០០គីឡូម៉ែត្រឯណោះ ហើយចិនក៏បានសាងសង់ស្ថានីយវារីអគ្គិសនីនៅកម្ពុជា​ទៀងផង។ លោក ខៀវ កាញារីទ្ធ បានថ្លែងទៀតថា «អាទិភាពដំបូងរបស់យើង គឺជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យអ្នកទាំងអស់គ្នា​មានចំណែកស្មើគ្នា នៅក្នុងកំណើនសេដ្ឋកិច្ចនេះ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ អាចជួយយើង តាមរយៈការគាំទ្រគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ័ និងធនធានមនុស្ស»

ហេដ្ឋារចនាសម្ព័ន្ធល្អបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការរីកចម្រើនឆាប់រហ័ស លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា នៅក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ​ផ្លូវមួយខ្សែក្រវាត់មួយ គឺចិនបានវិនិយោគលើគម្រោងធំៗ​ជាច្រើននៅកម្ពុជា ដែលរួមមាន វារីអគ្គិសនី ផ្លូវថ្នល់ ស្ពាន តំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។

លោកបណ្ឌិតបានថ្លែងទៀតថា កម្ពុជាមានក្តីរំពឹងខ្ពស់ថា​ចិននឹងបន្តជួយអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាជាបន្តទៀត។ ធ្វើដូច្នេះវានឹងអាចកាត់បន្ថយតម្លៃទំនិញ នៅក្នុងប្រទេសកម្ពុជា ពង្រឹងការប្រកួតប្រជែង​ក្នុងទីផ្សារសេដ្ឋកិច្ច និងធ្វើឱ្យកំណើនសេដ្ឋកិច្ច​កាន់តែប្រសើរ។ ចំណែកលោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា​ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ បាននិយាយថា «គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្ម ដែលចិនបានសាងសង់នៅទីនេះ នឹងនាំមកនូវអត្ថប្រយោជន៍​យ៉ាងច្រើនឱ្យកម្ពុជា និងប្រជាជននៅប្រទេសនេះ។ ទាំងនេះនឹងជួយជំរុញការអភិវឌ្ឍ​នៅប្រទេសកម្ពុជា ដោយជួយឱ្យកម្ពុជា​ប្រែពីប្រទេសដែលមានចំណូល មធ្យមកម្រិតទាបទៅជាប្រទេស ដែលមានចំណូលមធ្យម​នៅឆ្នាំ២០៣០»

ពង្រីកសក្តានុពលសេដ្ឋកិច្ច និងពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រឈមមុខនឹង​ភាពមិនច្បាស់លាស់នៅខាងក្រៅ ប្រទេសកម្ពុជាកំពុងតែពង្រឹងនូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នៅក្នុងវិសយ័សំខាន់ៗដូចជា កសិកម្ម ទេសចរណ៍ និងរោងចក្រនានាដ៏សម្បូរបែប។

សហភាពអឺរ៉ុប ដែលជាអ្នកទិញអង្ករយ៉ាងច្រើនពីកម្ពុជា តាំងពីយូរយាណាស់មកហើយនោះ នាដើមឆ្នាំនេះបានយកពន្ធថ្លៃអង្ករពីកម្ពុជា ដើម្បីទប់ស្កាត់ការនាំអង្ករពីក្រៅប្រទេស ហើយជាលទ្ធផលកម្ពុជាបាននាំចេញអង្ករប្រមាណតែ ៥១,៥៥២ តោន ទៅកាន់ទីផ្សារអឺរ៉ុបអំឡុងពេលត្រីមាសទី ១ នៃឆ្នាំ២០១៩ ពោលគឺធ្លាក់ចុះ ៣៣ភាគរយ។  កសិកម្មគឺជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចកម្ពុជា ហើយកសិកររាប់លាននាក់ ពឹងផ្អែកលើការនាំចេញស្រូវអង្ករ។

ស្របពេលជាមួយគ្នានេះ ចិនបានបង្កើនការនាំចូលអង្ករពីប្រទេសកម្ពុជា ហើយក៏បានក្លាយជាអ្នកទិញអង្ករពីកម្ពុជាច្រើនជាងគេផងដែរ ដោយគិតចាប់ពីអំឡុងខែមករាដល់ខែមិនា នៅក្នុងឆ្នាំ២០១៩នេះ។ ប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណ ៧៤,២១៤តោន​ ទៅកាន់ប្រទេសចិននៅក្នុងត្រីមាសទី ១ ឆ្នាំ២០១៩នេះ ពោលគឺកើនឡើង ៥៩ភាគរយ បើប្រៀបធៀបទៅនឹង​ការនាំអង្ករចេញឆ្នាំមុន។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ប្រទេសទាំងពីរបានកំណត់ឆ្នាំ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ចិន-កម្ពុជា។ បើយោងតាម​ប្រសាសន៍របស់ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា វិសយ័ទេសចរណ៍បានរួមចំណែក ១២.៧ភាគរយ នៃ GDP (ចំនួនផលិតផលក្នុងស្រុកសរុប) និងបានបង្កើតការងារផ្ទាល់ និងមិនផ្ទាល់ ដល់ប្រជាជនរាប់លាននាក់។

ដោយឡែក លោក Joseph Matthews ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅរាជធានីភ្នំពេញ បាននិយាយថា កម្ពុជាអាចយកចិត្តទុកដាក់បន្ថែមទៀតទៅលើវិស័យកសិ-ឧស្សាហកម្ម ដោយបន្ថែមការដាំដុះដំឡូងមីនិងកៅស៊ូ ដើម្បីបំពេញតម្រូវការទីផ្សារប្រទេសចិន។ ដំណាំដំឡូងមី គឺជាដំណាំកសិកម្មទី ២ របស់ប្រទេសកម្ពុជាបន្ទាប់ពីស្រូវអង្ករ។

បច្ចុប្បន្ននេះកម្ពុជាកំពុងតែប្រឈមមុខ ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប​ក្នុងការដកEBA នាខែសីហា ឆ្នាំ២០២០។ ដូច្នេះការវិនិយោគលើរោងចក្រ​ផលិតគ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម អាចបង្កើតការងារជំនួសឱ្យវិស័យកាត់ដេរ ដែលត្រូវថយចុះ ដោយសារតែការធ្លាក់ចុះ​នៃការបញ្ជាទិញពីក្រៅប្រទេស។ នេះបើតាមសម្ដីរបស់លោក Matthews។

ចំពោះការវិនិយោគរបស់ជនជាតិចិន​នៅក្រុងព្រះសីហនុវិញ គឺការវិនិយោគដែលមានសន្ទុះកើនឡើងយ៉ាងខ្លាំង នេះបើតាមសម្ដីរបស់ប្រធាន​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុលោក ឈិន ជានកាង។ លោកឈិន បាននិយាយថា នៅក្នុងឆ្នាំ២០១៨ យើងទទួលបានក្រុមហ៊ុនថ្មី​រហូតដល់ទៅ ៣៥ ឯណោះ។
លោកសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិបាននិយាយថា ការវិនិយោគនៅតំបន់នោះ នឹងជួយឱ្យកម្មករកម្ពុជាទទួលបានជំនាញខ្ពស់ជាងមុន និងជួយត្រួសត្រាយផ្លូវឱ្យសេដ្ឋកិច្ចកម្ពុជា ឈានចូលទៅក្នុងសង្វាក់ផលិតកម្មខ្ពស់ជាងមុន និងជាគោលនយោបាយសម្បូរបែប សម្រាប់សេដ្ឋកិច្ចកម្ពុជានៅថ្ងៃអនាគត៕