(ម៉ានីល)៖ បើតាមទីភ្នាក់ងារឃ្លាំមើលហេតុការណ៍រញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS បានឲ្យដឹងថា នាថ្ងៃអង្គារនេះគ្រោះរញ្ជួយ​ដីថ្មីមួយទៀត ជាមួយកម្រិត៦.៣រ៉ិចទ័របានអង្រួនភាគកណ្តាលហ្វីលីពីនវិញម្តង ខណៈកាលពីម្សិលមិញរញ្ជួយដីមួយទៀតកម្រិត​ជាង៦រ៉ិចទ័រ ទើបតែបានវាយលុកកោះភាគខាងជើងប្រទេស ដែលបានបង្កការបំផ្លិចបំផ្លាញមួយចំនួន និងមនុស្សស្លាប់កើនដល់​១១នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Associated Press (AP) នៅរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

គួរជម្រាបថា បើតាមទីភ្នាក់ងារ USGS ហេតុការណ៍រញ្ជួយផែនដីខាងលើនេះ បានកើតឡើងក្បែរតំបន់ Tutubigan លើកោះ Samar ភាគកណ្តាលប្រទេសហ្វីលីពីន នៅចម្ងាយរាប់រយគីឡូម៉ែត្រពីភាគអាគ្នេយ៍នៃតំបន់ ដែលបានរងការវាយប្រហារពី គ្រោះ​រញ្ជួយដី​កម្រិត៦.១រ៉ិចទ័រ កាលពីថ្ងៃចន្ទម្សិលមិញ។

ប្រទេសហ្វីលីពីនស្ថិតនៅលើតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលគ្រោះរញ្ជួយដីប្រមាណជា​៩០ភាគរយតែងកើតមានឡើង។ គ្រោះរញ្ជួយដីដ៏អាក្រក់ចុងក្រោយគេ ដែលបានវាយប្រហារប្រទេសដីកោះនេះ គឺមានកម្រិត​៧.១រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង២២០នាក់ នៅភាគកណ្តាលប្រទេសហ្វីលពីន កាលពីខែតុលា ឆ្នាំ២០១៣៕