(វ៉ាស៊ីនតោន)៖ កងនាវាអាមេរិកបានឱ្យដឹងថា បច្ចុប្បន្ន កងកម្លាំងនៃនាវាផ្ទុកយន្ដហោះចម្បាំងចំនួន ០២គ្រឿងកំពុងធ្វើ ប្រតិបត្តិការនៅសមុទ្រមេឌីទែរ៉ាណេ ដែលនេះគឺជាការសម្ញែងសាច់ដុំដ៏កម្រ មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ កងនាវាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងនៃនាវាផ្ទុកយន្ដហោះចម្បាំង ចនស្ទែននីស (John C. Stennis CSG) បានចូលរួមជាមួយនាវាផ្ទុកយន្ដហោះចម្បាំង អាប្រាហាម លីងខិន (Abraham Lincoln CSG) នៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីធ្វើការងាររួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូសំខាន់ៗនៅក្នុងតំបន់ ក្រោមប្រតិបត្តិការ នៃកងអង្គភាពទ័ពជើងទឹកអាមេរិកទី ៦»។

នាវាផ្ទុកយន្ដហោះចម្បាំង U.S.S. John C. Stennis ត្រូវបានបញ្ជូនចេញពីមូលដ្ឋាន ទ័ពជើងទឹក ឃីតសេព-ប្រមែតុន (Kitsap-Bremerton) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ រីឯ U.S.S. Abraham Lincoln ចេញពីមូលដ្ឋានទ័ពជើងទឹក ណ័រហ្វូក (Norfolk) កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ទៅកាន់សមុទ្រមេឌីទែរ៉ានេ។

ម្យ៉ាងវិញទៀត នេះគឺជាលើកដំបូងបំផុតដែលនាវាទាំង ២ ធ្វើប្រតិបត្តិការនៅសមុទ្រមេឌីទែរ៉ាណេ ក្នុងពេលតែមួយជាមួយគ្នា គិតចាប់តាំងពីឆ្នាំ២០១៦ ជាពេលដែលនាវាចម្បាំងផ្ទុកយន្ដហោះចម្បាំង ដ្វៃអេសិនហូវើ (Dwight D. Eisenhower) និង ហារីទ្រូមែន (Harry S. Truman CSGs) ធ្លាប់ធ្វើប្រតិបត្តិការរួមដូចគ្នានេះដែរ។

គួរបញ្ជាក់ថា កងអង្គភាពទ័ពជើងទឹកអាមេរិកទី ៦ មានទីស្នាក់ការនៅទីក្រុង ណាផលស៍ (Naples) ប្រទេសអ៊ីតាលី ហើយទទួលខុសត្រូវលើប្រតិបត្តិការនៅតំបន់សមុទ្រអាត្លង់ទិក ភាគខាងកើត និងសមុទ្រមេឌីទែរ៉ាណេ៕