(កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កាបានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ ពាក់ព័ន្ធនឹងព័ត៌មានសំងាត់ នៅមុនការវាយប្រហារភេវកម្មបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលបានផ្ដាច់ជីវិតមនុស្ស ៣៥៩នាក់ និងច្រើនជាង ៥០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។
ការទទួលស្គាល់កំហុសខាងលើ ធ្វើឡើងក្រោយមន្ត្រីចារកម្មឥណ្ឌាម្នាក់ ត្រូវបានគេរាយការណ៍ថា បានព្រមានមន្ត្រីស្រីលង្កា តាំងតែពីដើមខែមេសាមកម្ល៉េះ អំពីគម្រោងវាយប្រហារភេរវកម្ម ប៉ុន្តែព័ត៌មាននេះមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ ហើយវា ក៏មិនត្រូវបានគេជូនដំណឹងបន្តទៅកាន់សភាស្រីលង្កាដែរ។
មិនតែប៉ុណ្ណោះប្រធានសភាស្រីលង្កា លោក ឡាកស៍មែន ឃើរៀលឡា (Lakshman Kiriella) ថែមទាំងបានចោទប្រកាន់មន្ត្រីស៊ើបការសំងាត់ជាន់ខ្ពស់មួយចំនួនថា បានលាក់បាំងព័ត៌មានទៀតផង ខណៈមន្ត្រីសន្តិសុខខ្លះ បើទោះជាបានដឹងពីព័ត៌មានពីគម្រោងវាយប្រហារក៏ដោយ ក៏ពួកគេមិនបានចាត់វិធានាការទប់ស្កាត់ឱ្យទាន់ពេលវេលានោះឡើយ។
ជុំវិញបញ្ហាខាងលើនេះដែរកាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena) បានបង្គាប់ឱ្យរដ្ឋមន្ត្រីការពារជាតិ និងមេបញ្ជាប៉ូលិសលាលែងចេញពីតំណែង ក្រោយបរាជ័យក្នុងការទប់ស្កាត់ អំពើវាយប្រហារដ៏មហាប្រល័យកាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា មកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះជនសង្ស័យសរុប ៧៥នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួន និងសួរចម្លើយទាក់ទិនទៅនឹងករណីវាយប្រហារដ៏មហាប្រល័យ កាលពីថ្ងៃអាទិត្យកន្លងទៅនៅស្រីលង្កា ដែលបានផ្តាច់ជីវិតមនុស្ស ៣៥៩នាក់ និងបង្កឲ្យរបួសខ្ទង់ ៥០០នាក់។ ជាមួយគ្នានេះដែរ យោធាស្រីលង្កាបានឲ្យដឹងថា កងទ័ពជើងគោកបានបង្កើន ការដាក់ពង្រាយចំនួនទ័ពពី១,៣០០នាក់ រហូតដល់ ៦,៣០០នាក់ ហើយកងទ័ពជើងទឹក និងជើងអាកាសក៏បានដាក់ពង្រាយ ទ័ពបន្ថែម ២,០០០នាក់ផងដែរ ដើម្បីជួយដល់ការ តាមប្រមាញ់ជនសង្ស័យដទៃទៀត។
ម៉្យាងវិញទៀត អាជ្ញាធរស្រីលង្កាក៏កំពុងបើកការស៊ើបអង្កេតទៅករណីដែលថា ក្រុមមន្រ្តីមួយចំនួនទទួលបានព័ត៌មាន អំពីការអាច កើតមានឡើងនៃសកម្មភាព បំផ្ទុះគ្រាប់បែកនៅទិវាគ្រិស្តសាសនា Easter ដោយក្រុមភេរវករ National Thowheeth Jama'ath ប៉ុន្តែបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារនេះ។ ខណៈក្រុម National Thowheeth Jama'ath ត្រូវអាជ្ញាធរស្រីលង្កាចោទប្រកាន់ក្រុមភេរវករ ISIS ក៏បានចេញមុខអះអាងផងដែរថាពួកគេគឺជាអ្នក នៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ។ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយ ដែលត្រូវបានរកឃើញដោយអាជ្ញាធរស្រីលង្កា ពាក់ព័ន្ធនឹងការលើកឡើងនេះឡើយ ហើយក្នុងចំណោមជនបំផ្ទុះគ្រាប់បែកទាំង៩នាក់ មាន៨នាក់ គឺជាពលរដ្ឋស្រីលង្កា៕